ខេត្តភាគឦសាន្ត៣របស់កម្ពុជា ចុះហត្ថលេខាជាមួយវៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ
S
Soriya Sou
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះហត្ថលេខាលើលើអនុស្សរណៈនៃការយោគយល់គ្នា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ឆ្នាំ២០២៦ដល់ឆ្នាំ២០៣០ ជាមួយខេត្តហ្សាឡាយ របស់វៀតណាម។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក ផាម អាញទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក ផាម អាញទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តហ្សាឡាយ ប្រទេសវៀតណាម ដោយមានការចូលរួមពីលោក ថៃ ដាយង៉ុក សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម លេខាបក្សខេត្តហ្សាឡាយ និងលោក ផាម អាញទួន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ  និងលោក ផាម អាញទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក ផាម អាញទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា អនុស្សរណៈនេះនឹងរួមចំណែកលើកកម្ពស់ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច និងការវិនិយោគ, ឧស្សាហកម្ម និងពាណិជ្ជកម្ម, ដឹកជញ្ជូន, កសិកម្ម, ធនធានទឹក, វប្បធម៌, កីឡា និងទេសចរណ៍, អប់រំ និងបណ្ដុះបណ្ដាល, សុខាភិបាល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការគាំទ្រគម្រោងមិត្តភាព និងការលើកកម្ពស់សន្តិសុខ ព្រមទាំងការងាររុករកជីកគាស់លើកដាក់អដ្ឋិធាតុ ស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងលោក ផាម អាញទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងលោក ផាម អាញទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ។

ដោយឡែក លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្តទាំង៣ ជាមួយខេត្តហ្សាឡាយរបស់វៀតណាម ក្នុងរយៈពេលកន្លងមកដោយទទួលបានភាពល្អប្រសើរ ធ្វើឱ្យតំបន់ព្រំដែនមានសន្តិសុខ សុវត្ថិភាពល្អ មានការយោគយល់អនុគ្រោះដល់ការទំនាក់ទំនងចេញ-ចូលឆ្លងកាត់ព្រំដែន និងការដោះដូររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។ លោកថា ក្នុងឋានៈជាប្រទេស និងជាខេត្តជាប់ភូមិផងរបងជាមួយគ្នា ចាំបាច់ត្រូវមានទំនាក់ទំនង និងកិច្ចសហការជាប្រចាំ ដើម្បីពង្រឹងរឹតចំណងសាមគ្គីភាព ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត