ករណីរថយន្តបុ.កមនុស្សស្លា.ប់៥នាក់នៅបាត់ដំបង មហាជនសង្ស័យជាកូនប្រុសលោកស្នងការរងខេត្តបន្ទាយមានជ័យ ខណៈអាជ្ញាធរទុកពេល២ថ្ងៃឱ្យសាមីខ្លួនចូលបំភ្លឺ
ហាក់ អ៊ីឌី
11 ម៉ោងមុន

ក្រុងបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយកូនប្រុសលោកស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ដែលបានជិះរថយន្តផ្ដាច់ជីវិតមនុស្សចាស់ក្មេង៥នាក់នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ​កកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេ​ត្តបាត់ដំ​បង។ ពេលនេះ សមត្ថកិច្ចទុកពេលឱ្យម្ចាស់រថយន្ត២ថ្ងៃ​ ដើម្បីចូលខ្លួនមកបំភ្លឺ។

តាមរយៈសេចក្ដីប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែមីនានេះ បានសម្រេចអញ្ជើញឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាម្ចាស់កម្មសិទ្ធិនៃរថយន្តម៉ាក ម៉ាកសេដេស បេនហ្ស (MERCEDES BENZ) ពាក់ស្លាកលេខ កម្ពុជា-C.S.​61​68 ខណៈរថយន្តនេះ បានបង្កគ្រោះថ្នា​ក់ចរាចរណ៍លើដងផ្លូវ បណ្ដាលឱ្យជន​រង​គ្រោះ៥នាក់បាត់បង់ជីវិត ក្នុងនោះមានស្ត្រីចំនួន៣នាក់ផងដែរ​។ ជាមួយគ្នា កម្លាំងសមត្ថកិច្ចជំនាញ បានកំណត់ឱ្យបុគ្គល ឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកបង្ហាញខ្លួនចូលសារភាពនៅការិយាល័យនគរបា​លចរាចរណ៍ផ្លូវគោក ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាកំ​ណត់ នៅថ្ងៃទី០១ ខែមេសា​ខាងមុន។ 

យ៉ាងណា ជុំវិញបញ្ហាខាងលើ អង្គភាពសារព័ត៌មាន SBM News បានទាក់ទងសុំការបំភ្លឺពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដោយលោកបានថ្លែងប្រាប់ SBM News ​នៅរសៀលនេះ ថា ក្នុងករណីមានភស្តុតាងគ្រប់គ្រាន់ បង្ហាញថា ជននោះមានបទល្មើស ចាំបាច់ណាស់ត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយមិនខ្វល់ថា ជននោះ មានខ្សែស្រឡាយ ឬទំនាក់ទំនងជាមួយនរណាម្នាក់ឡើយ។ ហើយប្រសិនបើសាច់ញាតិដែលមានឋានៈតួនាទី មិនបានរួមប្រព្រឹត្តិ ក៏ពុំគួរណាទាញជនណាម្នាក់ចូលមកពាក់ព័ន្ធជាមួយដែរ។ លោក ទូច សុខៈ ក៏បានអំពាវនាវដល់ម្ចាស់រថយន្តមេត្តាចូលខ្លួនមកបំភ្លឺតាមសម្រួល ចៀសវៀងការរត់គេចខ្លួន ព្រោះមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ ទោះបីរត់ចេញទៅក្រៅប្រទេសក្ដី។ គូរបញ្ជាក់ផងដែរថា ម្ចាស់រថយន្តម៉ាក ម៉ាកសេដេស បេនហ្ស ឈ្មោះ ស៊ីវ ជ័យសិដ្ឋ នេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ទម្លាយថា គឺជាកូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខណៈរូបភាពជាច្រើនសន្លឹក ក៏ត្រូវបានចែកចាយពីទំនាក់ទំនងឪពុកកូនទាំង២នាក់នេះផងដែរ៕  

លោក ទូច សុខៈ  អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
រូបភាពដែលអ្នកប្រើសប្រាស់សង្គម ទម្លាយចេញនៅថ្ងៃទី៣០ ខែមីនា នេះ 
រូបភាពដែលអ្នកប្រើសប្រាស់សង្គម ទម្លាយចេញនៅថ្ងៃទី៣០ ខែមីនា នេះ 
រូបភាពដែលអ្នកប្រើសប្រាស់សង្គម ទម្លាយចេញនៅថ្ងៃទី៣០ ខែមីនា នេះ 
រូបភាពដែលអ្នកប្រើសប្រាស់សង្គម ទម្លាយចេញនៅថ្ងៃទី៣០ ខែមីនា នេះ 
លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ 
លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត