ក្រសួងការបរទេស ទាត់ចោលការបំភ្លៃរបស់ក្រុមប្រឆាំង «កម្ពុជាសុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន»
S
Soriya Sou
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ ព័ត៌មានដែលក្រុមប្រឆាំងនៅក្រៅប្រទេសបានផ្សព្វផ្សាយថា៖«កម្ពុជាសុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម» គឺជាព័ត៌មានមិនពិត និងមានចេតនាមួលបង្កាច់មកលើរាជរដ្ឋាភិបាល។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៣០មីនា ឆ្នាំ២០២៦…។

អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ថា ក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកនៅតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនបងប្អូននៅទីនោះពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដោយប្រើយន្តការដែលមានស្រាប់។ ប៉ុន្តែជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិត បានយកប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ ថា កម្ពុជា «សុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមប្រឆាំង។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស នៅគ្រប់វេទិកាជាតិ និងអន្តរជាតិ ប្រមុខការទូតកម្ពុជា តែងរំឭកថា ប្រទេសកម្ពុជា និងថៃ មានព្រំដែនអន្តរជាតិ កំណត់តាមផែនទីគូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម បង្កើតឡើងតាមអំណាច នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំងនិងសៀម និងតែងបញ្ជាក់ពីជំហរជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ «ក្នុងការវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្តែង ប្រសិនបើរកឃើញថា មានការកាន់កាប់ហួសខ្សែព្រំដែន ភាគីកម្ពុជាក៏ដូចជាភាគីថៃ ត្រូវតែប្រគល់ដីទៅវិញទៅមកទាំងសងខាងដូចគ្នា ដែលនេះ គឺជាឆន្ទៈត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនដែលបន្សល់ទុកពីបារាំង»។

ជាថ្មីម្ដងទៀត កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយផ្អែកលើច្បាប់ តែទន្ទឹមនេះ មិនទទួលយកជាដាច់ខាតនូវការកំណត់ព្រំដែនតាមការប្រើកម្លាំង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត