ចាប់ពីខែមេសា រថយន្តអគ្គិសនី ប្រព័ន្ធសូឡា និងទំនិញមួយចំនួន ត្រូវរដ្ឋបញ្ចុះពន្ធមកត្រឹម០ភាគរយ
S
Soriya Sou
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួល និងបញ្ចុះអត្រាពន្ធគយ ​និង​អត្រាអាករនាំចេញ​លើប្រភេទរថយន្តអគ្គិសនី និងឧបករណ៍មួយចំនួន ដើម្បីជាការជួយសម្រាលបន្ទុកប្រជាពលរដ្ឋ ចំពេលវិបត្តិប្រេងសកល។ នេះបើតាមលិខិតរបស់អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ចុះថ្ងៃទី២៨មីនា ឆ្នាំ២០២៦…។

អគ្គនាយកដ្ឋាន​គយ ​ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលនឹងបញ្ចុះអត្រាពន្ធនាំចូលពី៧ភាគរយ មក០ភាគរយវិញ លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡា ចំនួន៩បន្ទាត់ពន្ធ។ រាជរដ្ឋាភិបាល ក៏សម្រេចបញ្ចុះអត្រាពន្ធនាំចូលពី១៥ភាគរយ មក០ភាគរយ លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពលសូឡា អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ អាគុយយន្តហោះ អាគុយយានយន្ត អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា៖ Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន១៧៩បន្ទាត់ពន្ធ ខណៈមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន៩២បន្ទាត់ពន្ធ ត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី៣៥ភាគរយ មក៧ភាគរយវិញ។

មិនទាន់អស់ទេ មុខទំនិញចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្តគ្រួសារប្រភេទ EV ចំនួន១២បន្ទាត់ពន្ធ ក៏ត្រូវបានរដ្ឋាភិបាលបញ្ចុះអត្រាពន្ធនាំចូលពី៣៥ភាគរយ មក០ភាគរយ ចំណែក ទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន១បន្ទាត់ពន្ធ ត្រូវបានបញ្ចុះអត្រាអាករនាំចេញពី២៥ភាគរយ មក១០ភាគរយ។ អត្រាពន្ធគយ និងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមាន ចាប់ពីខែមេសាខាងមុខនេះតទៅ។ សូមជម្រាបថា សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងឧស្ម័នហក់ឡើងខ្ពស់ និងអាចធ្វើឱ្យថ្លៃដើមផលិតអគ្គិសនីហក់ឡើងផងដែរ ដែលផ្ដល់ផលប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

មុនសម្រួល និងបញ្ចុះអត្រាពន្ធគយ, ​ អត្រាអាករនាំចេញ​លើប្រភេទរថយន្តអគ្គិសនី និងទំនិញមួយចំនួន រាជរដ្ឋាភិបាល ទើបតែបានដាក់ចេញកិច្ចអន្តរាគមន៍បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត (មក០រៀល ឬដុល្លារ), បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី៤ភាគរយ មក០ភាគរយ និងការបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី១០ភាគរយ មក៤ភាគរយ ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត