អូស្ត្រាលីបញ្ចុះពន្ធប្រេងពាក់កណ្តាល ទប់ទល់នឹងផលប៉ះពាល់នៃសង្រ្គាមអាម៉េរិក-អ៊ីរ៉ង់
N
Nary Vann
2 ម៉ោងមុន

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាលបានីស បានប្រកាសនៅថ្ងៃទី៣០ ខែមីនា នូវការសម្រេចចិត្តកាត់បន្ថយពន្ធលើប្រេងសាំង និងម៉ាស៊ូតចំនួនពាក់កណ្តាល ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ ចំពេលដែលតម្លៃថាមពលសកលបានហក់ឡើងលើស១១៦ដុល្លារក្នុងមួយបារ៉ែល ដោយសារឥទ្ធិពលនៃសង្រ្គាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

លោក អេនថូនី អាលបានីស
លោក អេនថូនី អាលបានីស

វិធានការនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ដែលនឹងជួយកាត់បន្ថយតម្លៃប្រេងបានប្រហែល០,១៨ដុល្លារក្នុងមួយលីត្រ។ លោក អាលបានីស បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវតែចាត់វិធានការជាបន្ទាន់ ព្រោះផលប៉ះពាល់នៃសង្រ្គាមនៅម្ខាងទៀតនៃពិភពលោក កំពុងជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពពលរដ្ឋអូស្ត្រាលី។ ក្រៅពីការបញ្ចុះពន្ធលើប្រេងសម្រាប់រថយន្តទូទៅ រដ្ឋាភិបាលក៏បានសម្រេចផ្អាកការបង់ថ្លៃសេវាសម្រាប់រថយន្តធុនធំរយៈពេល៣ខែផងដែរ ដើម្បីទប់ស្កាត់ការឡើងថ្លៃទំនិញ និងសេវាកម្មដឹកជញ្ជូន។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសមាគមអ្នកបើកបរជាតិអូស្ត្រាលី លោក ភិតទ័រ ខូរី (Peter Khoury) បានលើកឡើងថា ការបញ្ចុះពន្ធនេះអាចនឹងមិនមានប្រសិទ្ធភាពខ្លាំងឡើយ ព្រោះតម្លៃប្រេងបានហក់ឡើងខ្ពស់ជាងកម្រិតពន្ធដែលបានកាត់បន្ថយទៅទៀត។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីថាមពល លោក គ្រីស ប្រូវីន (Chris Bowen) បានអំពាវនាវដល់សាធារណជនកុំឱ្យមានការភ័យស្លន់ស្លោ និងសម្រុកទិញប្រេងទុក រហូតដល់ដាច់ស្តុកនៅតាមស្ថានីយមួយចំនួន ដោយលោកបានអះអាងថា អូស្ត្រាលីនៅមានប្រេងបម្រុងសម្រាប់ប្រើប្រាស់គ្រាន់រហូតដល់ជាង៣០ថ្ងៃទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត