ស្ថានការណ៍ក្ដៅនៅមជ្ឈិមបូព៌ា កម្ពុជាអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់ជាអតិបរមា
S
Soriya Sou
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា​តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា សូមរក្សាការអត់ធ្មត់ឱ្យបានជាអតិបរមា​ កុំឱ្យស្ថានការណ៍កាន់តែធ្ងន់ ធ្វើឱ្យប៉ះពាល់អាយុជីវិតមនុស្ស...។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា

សេចក្ដីថ្លែងការណ៍ នៅព្រឹកថ្ងៃទី១មីនា​ ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្ដីបារម្ភដ៏ជ្រាលជ្រៅ។ «យើងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព»។

តាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា រហូតមកដល់ពេលនេះ ពុំទាន់មានសេចក្ដីរាយការណ៍ថា មានប្រជាជនកម្ពុជារងគ្រោះទេ ហើយពលរដ្ឋកម្ពុជាទាំងអស់ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពរបស់ខ្លួន។ សូមជម្រាបថា កងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក បានបើកប្រតិបត្តិការវាយប្រហារតាមអាកាស ក្នុងកម្រិតមិនធ្លាប់មានលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៦ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ជាង២០០នាក់ និងបង្ករបួសដល់មនុស្សជាង៧០០នាក់ផ្សេងទៀត។ 

មកទល់ពេលនេះ មានសេចក្ដីរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បានបាត់បង់ជីវិតហើយ ក្រៅពីលោក ខាមេនី ក៏មានរបាយការណ៍ថា មេដឹកនាំយោធាជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ផងដែរ៕

លោក អាយ៉ាតូឡា ខាមេនី មេដឹកនាំកំពូលអ៊ីរ៉ង់
លោក អាយ៉ាតូឡា ខាមេនី មេដឹកនាំកំពូលអ៊ីរ៉ង់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត