កម្ពុជាតវ៉ាជំទាស់សកម្មភាពយោធាថៃ បន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលនៅតំបន់បឹងត្រកួន
S
Soriya Sou
12 កុម្ភៈ 2026 03:45 AM

រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍តវ៉ាជំទាស់សាជាថ្មី ឆ្លើយតបនឹងសកម្មភាពខុសច្បាប់របស់យោធាថៃលើទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយមិនញញើតច្បាប់អន្តរជាតិ មិនចាត់ទុកបទឈប់បាញ់ជាមួយកម្ពុជាក្នុងកែវភ្នែក…។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស នៅយប់ថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោយដាក់រាយទូកុងតឺន័រដើម្បីរាំងផ្លូវ សាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ បច្ចុប្បន្ន យោធាថៃបានបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀត នៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៣ និង៣៦ ក្នុងស្រុកថ្មពួក។ លើសពីនេះ យោធាថៃបានជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំងការចាក់ដីលុបស្រះទឹក នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧«ក្រសួងការបរទេសកម្ពុជា ធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ លើទឹកដីប្រទេសកម្ពុជា ដែលថៃបានកាន់កាប់»។

ក្រសួងការបរទេស ចាត់ទុកសកម្មភាពនេះ ជាការប៉ុនប៉ងយ៉ាងច្បាស់ ក្នុងការបង្កើតភាពស្របច្បាប់ ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា ហើយវាជាទង្វើបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាការប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាប្រកាន់ខ្ជាប់គោលជំហរ «ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងឡើយ»៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត