កម្ពុជា តវ៉ាជំទាស់នឹងពាក្យបណ្តឹងមន្ត្រីថៃ ចោទសម្តេចតេជោ និងសម្តេច ហ៊ុន ម៉ាណែត
អុន សម្ផស្ស
29 មករា 2026 09:30 AM

រាជធានីភ្នំពេញ៖ កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្មភាពអរិភាព​របស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា។ ការតវ៉ារបស់កម្ពុជា កើតឡើងក្រោយ លោក ឆាត់ឆៃ បាងឈួត (ฉัตรชัย บางชวด) អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ(ថៃ) ដាក់ពាក្យប្តឹងមេដឹកនាំកម្ពុជាទាំងពីរនៅខេត្តសុរិន្ទ នឹងទាមទារឱ្យមានការឃាត់ខ្លួន ដោយចោទថា បានប្រើកម្លាំងវាយប្រហារទីតាំងជនស៊ីវិលថៃ...។(Sic)

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន(រូបភាពតំណាង)
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន(រូបភាពតំណាង)

ក្រសួងការបរទេសកម្ពុជា អះអាងថា សកម្មភាពនេះ មានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ កាសែតថៃ ចុះផ្សាយកាលពីថ្ងៃទី២៨មករាថា លោក ឆាត់ឆៃ បាងឈួត អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសខេត្តសុរិន្ទ និងស្នើឱ្យប៉ូលិសអាំងទែប៉ូល (Interpol) ចេញដីកាចាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពាក្យបណ្តឹងនោះ បានចោទមេដឹកនាំកម្ពុជាទាំងពីរថា៖«បានបញ្ជាឱ្យមានការវាយប្រហារតាមព្រំដែនថៃ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងខូចខាតទ្រព្យសម្បត្តិនៅតំបន់ព្រំដែន»

កាសែតថៃចេញផ្សាយពាក់ព័ន្ធនឹងការប្តឹងមេដឹកនាំកម្ពុជា
កាសែតថៃចេញផ្សាយពាក់ព័ន្ធនឹងការប្តឹងមេដឹកនាំកម្ពុជា

កម្ពុជាយល់ឃើញជាមួយក្ដីបារម្ភខ្លាំងថា ពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជានេះ ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា-ថៃ ព្រមទាំងផ្ទុយនឹងស្មារតីនៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។ ក្រសួងការបរទេសកម្ពុជា ថែមទាំងចាត់ទុកចំណាត់ការផ្លូវច្បាប់របស់ភាគីថៃ មិនស្របនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍នោះទេ។

ថៃបន្តកាន់កាប់តំបន់មួយចំនួនរបស់កម្ពុជា ក្រោយបទឈប់បាញ់
ថៃបន្តកាន់កាប់តំបន់មួយចំនួនរបស់កម្ពុជា ក្រោយបទឈប់បាញ់

តាមក្រសួងដដែលបន្តថា ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យ ចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេស សកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាពទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ។ ក្នុងន័យនេះ កម្ពុជាជំរុញឱ្យប្រទេសថៃ ចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តដ៏គួរឱ្យសោកស្ដាយនេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងការរៀបចំនានា ដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្តារទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 

អគាររដ្ឋបាលសាធារណៈរបស់កម្ពុជាដែលត្រូវថៃបំផ្លាញក្នុងពេលសង្គ្រាម
អគាររដ្ឋបាលសាធារណៈរបស់កម្ពុជាដែលត្រូវថៃបំផ្លាញក្នុងពេលសង្គ្រាម

ជាការកត់សម្គាល់ ការប្តឹងចោទរបស់មន្ត្រី​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ(ថៃ)នេះ ហាក់ផ្ទុយពីការពិតទាំងស្រុង ខណៈក្នុងរយៈពេលប្រមាណជាង២០ថ្ងៃ នៃការប្រយុទ្ធគ្នា រវាងកងកម្លាំងកម្ពុជា-ថៃ ពោលគឺគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ យោធាថៃឈ្លានពាន បានប្រើប្រាស់អាវុធធុនធ្ងន់ស្ទើរគ្រប់ប្រភេទ បំផ្លាញលំនៅឋានពលរដ្ឋស៊ីវិល ទ្រព្យសម្បត្តិឯកជន សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជា ជាពិសេស ក្នុងខេត្តជាប់ព្រំដែន។ សង្គ្រាមឈ្លានពាននេះ បណ្ដាលឱ្យជនស៊ីវិលកម្ពុជា ជាង៣០​នាក់បានស្លាប់​ និង​របួស់​ជិត១០០​នាក់។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ន​ ក្រោយកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធគ្នាអស់រយៈពេលប្រមាណ១ខែមកហើយ តែកម្លាំងយោធាថៃ ​នៅតែកាន់​កាប់​ទឹកដី​កម្ពុជា​ប្រមាណ១៤​ទីតាំង​ ខណៈភាគច្រើនជាភូមិជនស៊ីវិលរស់នៅ ជំរុញឱ្យពលរដ្ឋកម្ពុជាប្រមាណជាង១១ម៉ឺននាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន៕

សាលារៀនដែលត្រូវថៃបំផ្លាញក្នុងពេលសង្គ្រាម
សាលារៀនដែលត្រូវថៃបំផ្លាញក្នុងពេលសង្គ្រាម
ផ្ទះពលរដ្ឋកម្ពុជាដែលត្រូវថៃបំផ្លាញក្នុងពេលសង្គ្រាម
ផ្ទះពលរដ្ឋកម្ពុជាដែលត្រូវថៃបំផ្លាញក្នុងពេលសង្គ្រាម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត