លោក ប្រាក់ សុខុន ប្រាប់អាស៊ានពីស្ថានភាពពលរដ្ឋខ្មែរជាង២ពាន់គ្រួសារមិនអាចចូលផ្ទះ ដោយសារយោធាថៃរារាំង
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីននាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបង្ហាញបញ្ហាជាច្រើនដែលនៅបន្តកើតមាន ទោះបីជាមានភាពវិជ្ជមានចាប់តាំងពី មានបទឈប់បាញ់រវាងកម្ពុជា-ថៃហើយក៏ដោយ។ 

ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ស្តីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កិច្ចប្រជុំ បញ្ចប់ទៅដោយ«គ្មានការសម្រេចអ្វីថ្មីឡើយ ជុំវិញបញ្ហានៃជម្លោះព្រំដែនកម្ពុជា-ថៃ»។ ប៉ុន្តែតាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានរាយការណ៍ពីស្ថានភាពជម្លោះកម្ពុជា-ថៃក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។ លោក ប្រាក់ សុខុន បានថ្លែងថា៖«ប្រជាពលរដ្ឋកម្ពុជាចំនួន៩៦៣៥នាក់ មកពី២៤៤៨គ្រួសារ នៅតែមិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ..ដោយសារមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើ ឬបំផ្លាញ»។ លោក មានប្រសាសន៍ទៀតថា ដោយសារកត្តាទាំងនេះ ទើបពលរដ្ឋកម្ពុជាទាំងនេះត្រូវបន្តរស់នៅក្នុងជំរំភៀសសឹកបណ្តោះអាសន្ន ហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។ លោក ប្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ានថា ការអនុញ្ញាតឱ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ គឺជាការព្រមព្រៀងមួយ ដែលភាគីកម្ពុជា-ថៃបានប្តេជ្ញាចិត្តនៅក្នុងសេចក្តីប្រកាសរួមជាមួយគ្នា។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំ និងស្មោះត្រង់ក្នុងការរក្សា និងអនុវត្តបទឈប់បាញ់ និងសេចក្តីប្រកាសរួមទាំងស្រុង ដោយសង្ឃឹមយ៉ាងមុតមាំថា វានឹងមិនត្រឹមតែបញ្ចប់អរិភាព ស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ និងប្រក្រតីភាពតាមព្រំដែនប៉ុណ្ណោះទេ ថែមទាំងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដើម្បីឱ្យប្រជាជនទាំងពីររស់នៅក្បែរគ្នាប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ លោកអំពាវនាវដល់អាស៊ាន បន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោលការណ៍មិនប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត