របាយការណ៍ស៊ើបអង្កេតទម្លាយថា អាម៉េរិកវាយកម្ទេចមីស៊ីលអ៊ីរ៉ង់បានត្រឹម១ភាគ៣ប៉ុណ្ណោះ
N
Nary Vann
17 ម៉ោងមុន

មជ្ឈិមបូព៌ា៖ របាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីមួយ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានទម្លាយថា បន្ទាប់ពីយុទ្ធនាការទម្លាក់គ្រាប់បែកអស់រយៈពេលមួយខែពេញ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល អាចកម្ទេចឃ្លាំងមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់បានត្រឹមប្រហែល១ភាគ៣ប៉ុណ្ណោះ។ តួលេខនេះ បានបង្ហាញពីភាពផ្ទុយគ្នាស្រឡះទៅនឹងការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាអ៊ីរ៉ង់ស្ទើរតែអស់រ៉ុក្កែតប្រើប្រាស់ទៅហើយ...។

តាមការវាយតម្លៃពីប្រភពស៊ើបការណ៍អាម៉េរិក៥រូប បានឱ្យដឹងថា ក្រៅពីអាវុធ១ភាគ៣ដែលត្រូវបានកម្ទេច នៅមានអាវុធ១ភាគ៣ផ្សេងទៀតដែលរងការខូចខាត ឬត្រូវបានកប់ទុកក្នុងបណ្តាញរូងភ្នំក្រោមដីដ៏ស្មុគស្មាញ ដែលធ្វើឱ្យអាម៉េរិកពិបាកនឹងវាយតម្លៃចំនួនពិតប្រាកដឱ្យបានច្បាស់លាស់។ ទោះបីជាចំនួននៃការបាញ់បង្ហោះមានការធ្លាក់ចុះ ប៉ុន្តែអ៊ីរ៉ង់នៅតែអាចបន្តវាយប្រហារលើអ៊ីស្រាអែល និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ឈូងសមុទ្ទជាបន្តបន្ទាប់ ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។

រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក លោក ភិត ហេកសិត (Pete Hegseth) បានទទួលស្គាល់ថា បណ្តាញរូងក្រោមដី គឺជាឧបសគ្គដ៏ធំមួយក្នុងការកម្ទេចឃ្លាំងអាវុធអ៊ីរ៉ង់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កងទ័ពអាម៉េរិកនឹងបន្តស្វែងរក និងកម្ទេចអាវុធទាំងនោះ ដោយមិនឈប់ឡើយ។ ស្របពេលជាមួយគ្នា សហរដ្ឋអាម៉េរិកបានបញ្ជូនទ័ពរាប់ពាន់នាក់បន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈសេតវិមានកំពុងពិចារណាលើប្រតិបត្តិការជើងគោកនៅកោះខាក ដើម្បីបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ ដែលនេះជាសញ្ញាបង្ហាញថា សង្រ្គាមអាចនឹងឈានដល់ដំណាក់កាលវាយលុកកាន់តែធំក្នុងពេលឆាប់ៗខាងមុខ៕

លោក ភិត ហេកសិត
លោក ភិត ហេកសិត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត