មហាអំណាចយកពន្ធថ្លៃ៖ កម្ពុជាកាន់តែលំបាក ឬជាឱកាសពង្រឹងខ្លួនកាន់តែរឹងមាំ
Mao Sopha
08 មេសា 2025 02:00 AM

រាជធានីភ្នំពេញ៖ បើចរចាគ្នាបានជោគជ័យ ដោយអាម៉េរិកយល់ព្រមបន្ថយពន្ធខ្លះ នោះកម្រិតនៃផលប៉ះពាល់របស់កម្ពុជាក៏រៀងធូរស្រាលខ្លះដែរ។ ចុះបើការចរចាមិនបានសម្រេច ដោយប្រទេសមហាអំណាចលំដាប់ទីមួយលើពិភពលោកមួយនេះ នៅតែយកពន្ធ៤៩ភាគរយពីកម្ពុជាដដែល តើកម្ពុជានៅមានឈ្មោះជាប្រទេសកំពុងអភិវឌ្ឍនៅឡើយ នឹងជួបការលំបាកខ្លាំងជាងមុនផ្នែកសេដ្ឋកិច្ច ឬកម្ពុជាអាចប្តូរពីស្ថានភាពលំបាកនេះទៅជាឱកាសពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ?

លោក ដូណាល់ ត្រាំ ប្រធានាធិបីអាម៉េរិក
លោក ដូណាល់ ត្រាំ ប្រធានាធិបីអាម៉េរិក

ក្នុងកិច្ចសម្ភាសជាមួយអង្គភាព SBM News នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានព្រឹត្តិការណ៍សង្គម មើលឃើញទាំងពីរផ្លូវ៖ ទីមួយ. កម្ពុជាច្បាស់ជាមិនអាចចៀសផុតពីផលប៉ះពាល់ឡើយ និងទីពីរ.ផលប៉ះពាល់ ក៏អាចចាត់ទុកជាឱកាសដែលកម្ពុជា ត្រូវពង្រឹងសមត្ថភាពខ្លួនឱ្យកាន់ខ្លាំងដែរ ជាពិសេសរឿងសេដ្ឋកិច្ច។ 

លោក ហុង វណ្ណៈ និងលោក មាស នី
លោក ហុង វណ្ណៈ និងលោក មាស នី

លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍ប្រទេសជាតិ ថ្លែងដូច្នេះថា៖«ក្នុងស្ថានភាពកាន់តែលំបាក ផ្តល់មេរៀនល្អដល់យើងបានកាន់តែច្រើន ធ្វើឱ្យយើងកាន់តែរឹងមាំ»។ រីឯលោក ហុង វណ្ណៈ បណ្ឌិតសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ហ៊ានវាយតម្លៃដោយភាពប្រាកដប្រជាយ៉ាងដូច្នេះថា៖«ពិតជាប៉ះដល់កម្ពុជា ដោយមិនអាចប្រកែកបាន..[ប៉ុន្តែ]មិនដល់ថ្នាក់សេដ្ឋកិច្ចកម្ពុជាធ្លាក់ត្រដាបត្រដួស រហូតស្រោចស្រង់មិនបាន ខ្ញុំមិនជឿនោះទេ...។ ប្រទេសដទៃចេះរស់ យើងក៏ចេះរស់»

កំពង់ផែមួយកន្លែងក្នុងខេត្តព្រះសីហនុ
កំពង់ផែមួយកន្លែងក្នុងខេត្តព្រះសីហនុ

លោក មាស នី មើលឃើញថា ការយកពន្ធថ្លៃ នាំឱ្យប៉ះពាល់ដល់វិនិយោគិនមុនគេ។ លោកពន្យល់ថា នៅពេលបង់ពន្ធថ្លៃ វិនិយោគិន នឹងមិនចំណេញ ហើយបើមិនចំណេញ ពួកគេនឹងបង្វែរទិសដៅចេញពីកម្ពុជាទៅរកប្រទេសដទៃ។ ផលលំបាកផ្សេងទៀត ដែលលោកលើកជាឧទាហរណ៍ត្រួសៗ ដូចជា រោងចក្រខ្លះអាចបិទទ្វារ ហើយកម្មករជាច្រើននាក់ នឹងត្រូវបាត់បង់ការងារ។ ចំពោះលោក ហុង វណ្ណៈ វិញ លោក​បកស្រាយជាលក្ខណៈសត្យានុម័ត ថា ពេលពន្ធឡើងថ្លៃ ការនាំចេញ ឬការលក់ នឹងថយចុះ ពេលការលក់ថយចុះ ការផលិតនឹងថយចុះដូចគ្នា ហើយបន្ទាប់មក នឹងប៉ះពាល់ដល់កម្មករ។

លោក មាស នី
លោក មាស នី

ទាំងលោក មាស នី ទាំងលោក ហុង វណ្ណៈ សុទ្ធតែចាត់ទុកការដំឡើងពន្ធពីសំណាក់មហាអំណាចអាម៉េរិក គឺជាមេរៀនសម្រាប់ប្រទេសតូចៗ រួមទាំងកម្ពុជាផងដែរ។ អ្វីជាមេរៀន? លោក មាស នី ពន្យល់ថា កម្ពុជាមិនត្រូវពឹងផ្អែកតែទៅលើមហាអំណាចឡើយ មិនថាអាម៉េរិក ឬចិន។ លោកបង្ហាញពីហានិភ័យថា នៅពេលពឹងផ្អែកតែទៅលើប្រទេសមហាអំណាច ប្រទេសតូចៗ នឹងរងគ្រោះ នៅពេលប្រទេសមហាអំណាចទាំងនោះប្តូរគោលជំហរ ដូចករណីអាម៉េរិក ដំឡើងពន្ធនាពេលនេះជាក់ស្តែង។

លោក ហុង វណ្ណៈ 
លោក ហុង វណ្ណៈ 

ចុះថាតើលោក ហុង វណ្ណៈ ពន្យល់ដូចម្តេច? បណ្ឌិតសេដ្ឋកិច្ចរូបនេះ លើកឡើងថា ជាមេរៀនសម្រាប់កម្ពុជា នៅត្រង់ថា បញ្ហានេះ នឹងជំរុញកម្ពុជាឱ្យខិតខំបង្កើតទីផ្សារថ្មីតាមបណ្តាប្រទេសនានា និងបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ។ លោកបន្តថា បញ្ហានេះ ក៏នឹងជំរុញកម្ពុជាឱ្យខិតខំពង្រីកផលិតកម្មថ្មីៗផ្សេងទៀត ដូចជា បច្ចេកវិទ្យា ឧស្សាហកម្មកែច្នៃ ផលិតផលកែច្នៃ និងទេសចរណ៍ ជាដើម ដើម្បីនាំចំណូលមកទ្រទ្រង់សេដ្ឋកិច្ចជាតិ។

កំពង់ផែមួយកន្លែងក្នុងខេត្តព្រះសីហនុ
កំពង់ផែមួយកន្លែងក្នុងខេត្តព្រះសីហនុ

ពេលអាម៉េរិកដំឡើងពន្ធខ្ពស់ដូច្នេះ តើកម្ពុជា ត្រូវធ្វើដូចម្តេច? ចំណុចនេះ លោក មាស នី យល់ថា សំខាន់បំផុត គឺកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតចេញនូវផលិតផលខ្លួនឯង ហើយចែកចាយក្នុងស្រុកឱ្យបានច្រើន ខណៈបច្ចុប្បន្នកម្ពុជានាំចូលផលិតផលពីក្រៅច្រើនជាងនាំចេញ។ តើការដំឡើងពន្ធខ្ពស់ អាចប៉ះពាល់ដល់ផែនការកម្ពុជាដែរទេ សម្រាប់ការចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០? លោកបណ្ឌិតសេដ្ឋកិច្ច ហុង វណ្ណៈ ឆ្លើយថា ប្រហែលជាមិនប៉ះពាល់ទេ ប៉ុន្តែលុះត្រាណាកម្ពុជា អាចរកទីផ្សារណាផ្សេង អាចជំនួសតម្លៃទីផ្សារអាម៉េរិក។

លោក ហេង សួរ
លោក ហេង សួរ

រាល់ថ្ងៃនេះ តើកម្ពុជា នាំចេញទៅផ្សារអាម៉េរិកច្រើនជាងគេឬ? បើតាមចម្លើយ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ គឺមិនមែនឡើយ។ ក្រោយអាម៉េរិកប្រកាសដំឡើងពន្ធ៤៩ភាគរយលើកម្ពុជា ភ្លាមៗ..លោក ហេង សួរ ចេញមកបញ្ជាក់ថា រយៈពេល៥ឆ្នាំចុងក្រោយ កម្ពុជានាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុបច្រើនជាងនៅទីផ្សារអាម៉េរិក។ យោងតាមស្ថានការណ៍នេះ លោកប្រកាសថា កម្ពុជាមានលទ្ធភាពពង្រីកទីផ្សារនៅអឺរ៉ុប (ស្របពេលអាម៉េរិកដំឡើងពន្ធ)។

សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន

«រៀនរស់ដោយខ្លួនឯង កុំពឹងដដ្ហើមគេដក» នេះជាពាក្យរបស់មេដឹកនាំកម្ពុជា ធ្លាប់លើកឡើងកន្លងមក។ ជាពិសេស គេឧស្សាហ៍ ឮមេដឹកនាំកម្ពុជាប្រើពាក្យនេះ នៅពេលសហភាពអឺរ៉ុបលុបការអនុគ្រោះពន្ធ២០ភាគរយពីកម្ពុជា មានន័យថា ពេលនាំទំនិញទៅលក់នៅអឺរ៉ុប កម្ពុជាត្រូវបង់២០ភាគរយ ខណៈកាលពីមុន មិនបង់១០០ភាគរយ។ ពេលបើការដ្ឋានសាងសង់«ព្រែកជីកហ្វ៊ូណនតេជោ» រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រើពាក្យស្រដៀងគ្នាថា ព្រែកជីកប្រវត្តិសាស្រ្តនេះ នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានដង្ហើមដកដោយខ្លួនឯង៕

ប្រឡាយមួយខ្សែស្ថិតក្នុងគម្រោងព្រែកជីកហ្វ៊ូណន
ប្រឡាយមួយខ្សែស្ថិតក្នុងគម្រោងព្រែកជីកហ្វ៊ូណន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត