
រាជធានីភ្នំពេញ៖ លើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា ក្នុងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ចាប់តាំងពីព្រឹកព្រលឹមមក អូសចុះអូសឡើង គេឃើញតែព័ត៌មានអំពីការសម្រេចចិត្តរបស់ប្រធានាធិបតីមហាអំណាចអាម៉េរិក លោក ដូណាល់ ត្រាំ ដែលដំឡើងពន្ធដល់៤៩ភាគរយក្នុងការនាំចូលទំនិញពីកម្ពុជា។ ប៉ុន្តែ ទន្ទឹមនឹងគ្នានេះ គេក៏ឃើញមានប្រជាពលរដ្ឋខ្មែរមួយចំនួន បានបង្ហោះ និងចែករំលែកតៗគ្នាឡើងវីញផងដែរ អំពីសាររបស់លោកត្រាំ ដែលធ្លាប់អរគុណចំពោះសមានចិត្តខ្មែរដែលមានលើអាម៉េរិកកាលបួនប្រាំឆ្នាំមុន។

«សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់ស្អាត សម្រាប់ការទទួលយកកប៉ាល់វ៉េសស្ទឺដាំ (Westerdam) ឱ្យចូលចតនៅកំពង់ផែរបស់អ្នក។ សហរដ្ឋអាម៉េរិក នឹងចងចាំនូវទង្វើរបស់អ្នក»។ នេះជាសារដើមរបស់លោកត្រាំ ដែលកាលនោះលោកកាន់តំណែងប្រធានាធិបតីអាម៉េរិកលើកទី១។ លោកបង្ហោះសារនេះទាំងនៅលើហ្វេសប៊ុក ទាំងនៅលើធ្វីតធ័រ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ (តើលោកភ្លេចហើយមែនទេ?)។ គឺសារនេះហើយ ដែលប្រជាពលរដ្ឋខ្មែរមួយចំនួន នាំគ្នាយកមកបង្ហោះ និងចែករំលែកយ៉ាងព្រោងព្រាតឡើងវិញ។ សូមរម្លឹកខ្លីថា កាលនោះ នាវាទេសចរណ៍ Westerdam របស់ក្រុមហ៊ុនអាម៉េរិក ដែលដឹកភ្ញៀវទេសជាង២ពាន់នាក់ បានជាប់គាំនៅលើផ្ទៃសមុទ្ទ ព្រោះប្រទេសនានាមិនហ៊ានឱ្យចូលចត។

មិនហ៊ានឱ្យចូលចត ព្រោះបណ្តាប្រទេសទាំងនោះ បារម្ភខ្លាចអ្នកដំណើរក្នុងនាវា មានផ្ទុកជំងឺកូវីដ-១៩ ហើយឆ្លងទៅប្រជាជនខ្លួន (អំឡុងពេលនោះ ជំងឺកូវីដ-១៩ដែលមានប្រភពដើមចេញពីប្រទេសចិន កំពុងរីករាលដាលខ្លាំងទៅដល់ប្រទេសនានាលើពិភពលោក)។ សល់តែកម្ពុជាមួយចុងក្រោយគេ ដែលនាវា Westerdam ស្នើសុំចូលចត ហើយពេលនោះ ស្រាប់តែកម្ពុជាយល់ព្រម។ សម្តេច ហ៊ុន សែន ដែលកាលនោះនៅធ្វើជានាយករដ្ឋមន្រ្តី ថែមទាំងបានទៅទទួលស្វាគមន៍ផ្ទាល់ ដោយចាប់ដៃជាមួយអ្នកទេសចរណ៍ចុះពីនាវា Westerdam ទៀតផង។ ការសម្រេចចិត្តរបស់កម្ពុជា ធ្វើឱ្យអង្គការសុខភាពពិភពលោក (WHO) បានហៅកម្ពុជាថា «ប្រទេសតូច បេះដូងធំ»។

ងាកមកមើលរឿងដំឡើងពន្ធវិញ! មិនខ្វល់អ្នកណាស្អប់-អ្នកណាខឹង លោកត្រាំ ដែលទើបនឹងចូលកាន់តំណែងប្រធានាធិបតីអាម៉េរិកលើកទី២ និងជាមេដឹកនាំគិតពីផលចំណេញផ្នែកសេដ្ឋកិច្ចជាធំ បានសម្រេចចិត្តដំឡើងពន្ធដ៏ខ្ពស់ទៅលើប្រទេសនានាជាច្រើនលើពិភពលោក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ និយាយត្រឹមប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន និងប្រទេសជិតខាងកម្ពុជា! អាម៉េរិកដែលជាមហាអំណាចទាំងសេដ្ឋកិច្ចទាំងសព្វាវុធ បានដំឡើងពន្ធ៤៨ភាគរយលើឡាវ ៤៦ភាគរយលើវៀតណាម ៤៤ភាគរយលើមីយ៉ាន់ម៉ា ៣៦ភាគរយលើថៃ និង៣២ភាគរយលើឥណ្ឌូណេស៊ី។

បើប្រៀបធៀបនឹងប្រទេសលើពិភពលោក កម្ពុជា ស្ថិតនៅលេខរៀងទី២ រងការដាក់ពន្ធខ្ពស់ជាងគេបំផុត បន្ទាប់ពីឡេសូតូ ដែលស្ថិតនៅលេខរៀងទី១។ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាស្ថិតនៅលេខរៀងទី១តែម្តង។ គួរដឹងដែរថា មុនអាម៉េរិកដំឡើងពន្ធ៤៩ភាគរយលើកម្ពុជា គឺកម្ពុជា បានយកពន្ធជាង៩០ភាគរយសម្រាប់ការនាំចូលទំនិញពីអាម៉េរិក។ ស្ថានទូតអាម៉េរិក បង្ហោះសារលើទំព័រហ្វសប៊ុកខ្លួនថា ការដំឡើងពន្ធទៅលើបណ្តាប្រទេសនានា រួមទាំងកម្ពុជាផង គឺដើម្បីឆ្លើយតបឱ្យមានយុត្តិធម៌ និងភាពស្មើគ្នា ក្នុងវិស័យពាណិជ្ជកម្ម (ឬការរកស៊ីនេះ)៕



