
រាជធានីភ្នំពេញ៖ លោក កាស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា លើកជាយោបល់ថា ដំណោះស្រាយយ៉ាងសាមញ្ញរបស់លោក គឺកម្ពុជា គួរអនុញ្ញាតឱ្យអាម៉េរិកនាំទំនិញចូលដោយមិនបាច់បង់ពន្ធអ្វីទាំងអស់ (គឺពន្ធក្នុងកម្រិតសូន្យភាគរយ) រយៈពេល៤ឆ្នាំដំបូង ហើយក្រោយមក នៅតែធ្វើបែបនេះ៤ឆ្នាំជាបន្តបន្ទាប់ទៀត។ លោក បង្ហាញឱ្យឃើញពីរបៀបគិតរបស់លោកថា ក្នុងឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅអាម៉េរិកក្នុងទំហំទឹកប្រាក់១២,៨ពាន់លានដុល្លារ ហើយទន្ទឹមគ្នានេះ កម្ពុជាថែមទាំងទទួលបានទំហំទឹកប្រាក់០,៣ពាន់លានដុល្លារ ដែលជាថ្លៃបង់ពន្ធលើការនាំចូលទំនិញពីអាម៉េរិក។

ដូច្នេះ លោក បាណេត ក៏បកស្រាយថា បើអនុញ្ញាតឱ្យអាម៉េរិក នាំទំនិញចូលកម្ពុជាដោយមិនយកពន្ធ កម្ពុជានឹងបាត់បង់ទឹកប្រាក់ពីការមិនយកពន្ធនេះ ត្រឹម០,៣ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែកម្ពុជា នឹងនៅតែអាចទទួលបានប្រាក់ចំណូលរង្វល់១២ពាន់លានដុល្លារ ពីការនាំទំនិញទៅកាន់អាម៉េរិក ដូចឆ្នាំ២០២៤ដដែល។ លោក បាណេត បង្ហាញពីដំណោះស្រាយនេះតាមរយៈប្រអប់ខំមិន បន្ថែមពីលើសំណេរដែលលោកបង្ហោះលើគណនីហ្វេសប៊ុក។ តាមរយៈសំណេរនេះ លោក លើកឡើងថា អាម៉េរិក ធ្លាប់បានស្នើសុំឱ្យកម្ពុជាកាត់បន្ថយពន្ធលើការនាំចូលពីអាម៉េរិក។ លោកបង្ហាញក្តីបារម្ភថា បើមិនដោះស្រាយទាន់ពេលនោះទេ គឺអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចនោះទេថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ទើបនឹងប្រកាសដំឡើងពន្ធសឹងតែទៅលើប្រទេសទាំងអស់ក្នុងពិភពលោក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងនោះ កម្ពុជា ត្រូវលោកកំណត់ឱ្យបង់ពន្ធដល់ទៅ៤៩ភាគរយ ក្នុងការនាំទំនិញចូលទៅអាម៉េរិក។ ដូច្នេះ បើអាម៉េរិកយកពន្ធពីកម្ពុជាដល់ទៅ៤៩ភាគរយយ៉ាងដូច្នេះ ថាតើកម្ពុជា នៅអាចមានលទ្ធភាពនាំទំនិញចូលទៅអាម៉េរិកក្នុងទំហំទឹកប្រាក់រង្វល់១២ពាន់លានដុល្លារដូចកាលមុនបានដែរឬទេ? ហើយទោះបីជាកម្ពុជា នៅតែអាចនាំទំនិញទៅកាន់អាម៉េរិកក្នុងទំហំទឹកប្រាក់ល្បាក់១២ពាន់លានដុល្លារនេះដដែលក៏ដោយ ក៏កម្ពុជា ត្រូវបង់ពន្ធជូនអាម៉េរិកអស់មិនស្ទើរដែរ ព្រោះដូចបានបង្ហាញខាងលើរួចហើយថា អត្រាពន្ធថ្មីដែលអាម៉េរិកយកពីកម្ពុជា កើនឡើងដល់៤៩ភាគរយ ខណៈកាលមុនត្រឹមតែ១៤ភាគរយប៉ុណ្ណោះ។

បើគ្មានអ្វីប្រែប្រួល អត្រាពន្ធថ្មី៤៩ភាគរយនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសាទៅ។ ក្នុងបញ្ជីតារាងដែលលោកត្រាំលើកបង្ហាញទៅកាន់សារព័ត៌មាន បង្ហាញថា កន្លងមក កម្ពុជា យកពន្ធពីអាម៉េរិក៩៧ភាគរយ ហើយអាម៉េរិក ត្រូវឆ្លើយតបវិញ ដោយដំឡើងពន្ធដល់៤៩ភាគរយលើកម្ពុជា។ ប៉ុន្តែ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ចេញមកបកស្រាយថា តាមពិត កម្ពុជា យកពន្ធពីអាម៉េរិកខ្ពស់បំផុតតែជាង២៩ភាគរយប៉ុណ្ណោះ មិនមែនដល់ទៅ៩៧ភាគរយនោះទេ។ លោកស្រី ពន្យល់ថា ជាធម្មតា នៅពេលដំឡើងពន្ធ ផលិតផលក៏ឡើងថ្លៃទៅតាមហ្នឹងដែរ ដូច្នេះ ប្រជាពលរដ្ឋអាម៉េរិក ដែលបញ្ជាទិញផលិតផលពីកម្ពុជា នឹងត្រូវរងផលប៉ះពាល់មុនគេ ហើយកម្ពុជា ជាតួអង្គបន្ទាប់ ដែលរងផលប៉ះពាល់។

ចំណែកលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារវិញ ហ៊ានវាយតម្លៃថា ការដំឡើងពន្ធពីសំណាក់អាម៉េរិកនាពេលនេះ មិនប៉ះពាល់១០០ភាគរយ សម្រាប់ការនាំចេញរបស់កម្ពុជានោះទេ។ លោកថែមទាំងអះអាងថា កម្ពុជា នឹងបន្តធ្វើការងារជាមួយអាម៉េរិក និងបង្កើតឱ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ដើម្បីរក្សាឧត្តមភាពផលិកម្មរបស់កម្ពុជា។ សូមជម្រាបថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាត់តាំងលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ឱ្យដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងវិធានការដំឡើងពន្ធដ៏ខ្ពស់ពីសំណាក់មហាអំណាចអាម៉េរិក។

ក្រោយលោកប្រធានាធិបតីខ្លួន ប្រកាសដំឡើងពន្ធលើកម្ពុជា អ្នកជំនាញនៃសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ដឹកនាំដោយលោក បាណេត ជាប្រធាន និងមន្រ្តីជំនាញនៃក្រសួងសេដ្ឋកិច្ចកម្ពុជា បានជួបពិភាក្សាគ្នារកដំណោះស្រាយ។ លើទំព័រហ្វេសប៊ុក សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ប្រកាសថាត្រៀមខ្លួនរួចជាស្រេច ចាំជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃ ជួយទាក់ទាញការវិនិយោគមកកម្ពុជា និងជួយបង្កើតការងារនៅកម្ពុជា៕



