
រដ្ឋធានីវ៉ាស៊ីនតោន៖ ហ្វូងបាតុកររាប់លាននាក់ បានសម្រុកចេញមកតាមដងផ្លូវនៅទូទាំងសហរដ្ឋអាម៉េរិក ក្នុងយុទ្ធនាការតវ៉ាទ្រង់ទ្រាយធំដែលមានឈ្មោះថា «No Kings» ដើម្បីប្រឆាំងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ជាពិសេស ការបង្ក្រាបអន្តោប្រវេសន៍ខុសច្បាប់ និងការដឹកនាំធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់...។

ក្រុមអ្នករៀបចំកម្មវិធីរំពឹងថា នេះនឹងក្លាយជាការធ្វើបាតុកម្មក្នុងរយៈពេលតែមួយថ្ងៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដោយមានព្រឹត្តិការណ៍តវ៉ាជាង៣២០០ ត្រូវបានរៀបចំឡើងនៅគ្រប់រដ្ឋទាំង៥០ និងនៅតាមបណ្ដាក្រុងធំៗមួយចំនួននៅក្រៅប្រទេសផងដែរ។ ចំណុចលេចធ្លោនៃបាតុកម្មលើកទី៣នេះ គឺការកើនឡើងនៃចំនួនអ្នកចូលរួមក្នុងតំបន់ជាយក្រុង និងរដ្ឋដែលធ្លាប់តែគាំទ្របក្សសាធារណរដ្ឋខ្លាំង។ អ្នកស្រី លៀហ៍ ហ្គ្រីនប៊ើក (Leah Greenberg) សហស្ថាបនិកក្រុម Indivisible បានលើកឡើងថា នេះមិនមែនគ្រាន់តែជាការតវ៉ាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកៀរគរកម្លាំងម្ចាស់ឆ្នោតដែលកំពុងខឹងសម្បារ ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងចូលមកដល់នៅចុងឆ្នាំនេះ។ ស្របពេលជាមួយគ្នា ប្រជាប្រិយភាពរបស់លោក ត្រាំ បានធ្លាក់ចុះមកត្រឹម៣៦ភាគរយ ជាកម្រិតទាបបំផុតចាប់តាំងពីលោកត្រឡប់មកកាន់សេតវិមានវិញ។

បាតុកម្មនេះ ក៏បានក្លាយជាវេទិកានៃការរិះគន់យ៉ាងចាស់ដៃ ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការវាយប្រហារលើអ៊ីរ៉ង់ ដែលបាតុករចាត់ទុកថាជា «សង្គ្រាមដ៏ល្ងង់ខ្លៅ» និងមិនចាំបាច់។ អ្នកចូលរួមរៀបចំម្នាក់ បានបញ្ជាក់ថា លោក ត្រាំ គឺជាការគំរាមកំហែងដល់សេរីភាព និងសន្តិសុខជាតិ ខណៈសមាជិកបក្សសាធារណរដ្ឋបានវាយបកវិញថា បាតុកម្មនេះ គឺជាការជួបជុំដែលបង្កប់ដោយភាពស្អប់ខ្ពើមចំពោះប្រទេសជាតិ និងជានិមិត្តរូបនៃក្រុមឆ្វេងនិយមជ្រុល៕




