ក្រសួងវប្បធម៌ សហការជាមួយយូណេស្កូ អភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងដំណាក់កាលទី២
S
Soriya Sou
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងសហការជាមួយអង្គការយូណេស្កូ អនុវត្តគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ដំណាក់កាលទី២...។

ក្រសួងវប្បធម៌ បានឱ្យដឹងថា គម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ដំណាក់កាលទី២ គឺផ្ដោតលើការរៀបចំបណ្ណសារ អភិរក្សទីតាំងបេតិកភណ្ឌ និងការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ដើម្បីការងារនេះដំណើរការរលូន ថ្មីៗនេះលោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី២ ប្រចាំឆ្នាំ២០២៦ ដើម្បីសិក្សាវាយតម្លៃអំពីការងារបណ្ណសារសារមន្ទីរទួលស្លែង និងការអប់រំសន្តិភាពសម្រាប់បូជនីយដ្ឋានចងចាំនៃកម្ពុជា។ កិច្ចប្រជុំ ក៏មានការចូលរួមពីលោក ហ្វ្លេវីយ៉ូ បូនេតទី (Flavio Bonetti) ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំទីក្រុងភ្នំពេញ, លោកស្រី លី ស៊េជីន (Lee Sejin) នាយករងទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីអ្នកជំនាញជាតិ-អន្តរជាតិ ព្រមទាំងក្រុមការងារបច្ចេកទេសសារមន្ទីរទួលស្លែងសរុបចំនួន១៤រូបផងដែរ។

លោក ភីធើ អេហ្វេនីស (Peter Arfanis) អ្នកជំនាញអន្តរជាតិមួយរូបក្នុងកិច្ចការងារនេះ បានវាយតម្លៃវិជ្ជមានលើដំណើរការងារបណ្ណសារទួលស្លែង ដែលបានវិវត្តក្នុងមួយទសវត្សរ៍ចុងក្រោយ ពីការថែទាំបណ្ណសារសេសសល់ពីមន្ទីរ ស-២១ តាមបែបប្រពៃណី មកជាបណ្ណសារឌីជីថលដែលមានទិន្នន័យ និងរូបថតឌីជីថលជាច្រើនបម្រើដល់ការងារស្រាវជ្រាវ។ អ្នកជំនាញរូបនេះ បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធពង្រឹងវិជ្ជាជីវៈ និងអនុវត្តសកម្មភាពគន្លឹះមួយចំនួន ដើម្បីបំពេញបន្ថែមដល់ការអភិរក្សបណ្ណសារប្រកបដោយចីរភាព។ ដោយឡែក លោក កែវ ដួង អ្នកជំនាញជាតិសម្រាប់វាយតម្លៃកម្មវិធីអប់រំសន្តិភាពសម្រាប់បូជនីយដ្ឋានចងចាំនៃកម្ពុជា ក៏បានវាយតម្លៃវិជ្ជមានសម្រាប់ការអប់រំ ផ្សព្វផ្សាយ និងការចូលរួមពីសិស្សនិងសហគមន៍នាគ្រាកន្លងមក។

សូមរំឭកថា បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំពិភពលោកនៃអង្គការយូណេស្កូកាលពីឆ្នាំ២០០៩។ បូជនីយដ្ឋានចងចាំនៃកម្ពុជា មានចំនួន៣ទីតាំង រួមមាន៖ ម-១៣, ទួលស្លែង, និងជើងឯក ជាបេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោក ដែលត្រូវពង្រឹងការផ្សព្វផ្សាយក្នុងក្របខណ្ឌអប់រំគ្រប់កម្រិត។ ជាពិសេស ការអប់រំស៊ីជម្រៅ ដែលអាចឆ្លុះបញ្ចាំងឱ្យយុវជនដឹងពីប្រវត្តិសាស្ត្រនៃអំពើហិង្សា ឆ្ពោះទៅការកសាងសង្គមមួយប្រកបដោយស្មារតីសន្តិភាព និងភាពជាពលរដ្ឋសាកល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត