
ក្រុងច្បារមន៖ ស្មៀនឃុំម្នាក់ ឈ្មោះ មិន ហេង បានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបុរសម្នាក់ បាត់បង់ជីវិតភ្លាមៗ ហើយស្រ្តីម្នាក់ទៀត រងរបួសស្រាល លើផ្លូវលេខ១៤៣ ជិតរង្វង់មូលឯករាជ្យ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចម៉ោង៦កន្លះ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ លោក មិន ហេង ជាស្មៀនឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

របាយការណ៍ ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបង្ហោះលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃ២៨មីនានេះ ពុំបានបញ្ជាក់ថា លោក មិន ហេង បើកបរក្នុងស្ថានភាពស្រវឹងនោះទេ ប៉ុន្តែសមត្ថកិច្ច បានសរសេរលើរូបថតស្មៀនឃុំរូបនេះថា «ស្រវឹងជោកជាំបង្កគ្រោះថ្នាក់ចរាចរណ៍»។

របាយការណ៍នេះ បង្ហាញថា លោក មិន ហេង អាយុ៥៦ឆ្នាំ បានបើកបរពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ២គ្រឿងពីក្រោយឡើងពេញទំហឹង។ អ្នកបើកម៉ូតូទាំង២នោះ គឺម្នាក់ជាបុរស ឈ្មោះ ទឹម សារ៉េត វ័យ៤៥ឆ្នាំ បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតជាស្រ្តី ឈ្មោះ សែម ស្រីទី វ័យ២៧ឆ្នាំ រងរបួសស្រាល។

កម្លាំងនគរបាល បានចុះទៅដល់កន្លែងកេីតហេតុ ហើយបានចាប់បញ្ជូនស្មៀនឃុំជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់។ បើតាមរបាយការណ៍ដដែល ស្រ្តីរងរបួស ត្រូវបានជួយសង្រ្គោះ ចំណែកសពបុរសនោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕



