បោះឆ្នោតបង្គ្រប់កិច្ច៖ លោក គីម ជុងអ៊ុន បន្តគ្រងតំណែងប្រធានកិច្ចការរដ្ឋ
N
Nary Vann
21 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានប្រកាសនៅថ្ងៃទី២៣ខែមីនានេះថា លោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាថ្មីឱ្យកាន់តំណែងជាប្រធានកិច្ចការរដ្ឋ ដែលជាស្ថាប័នសម្រេចចិត្ត និងដឹកនាំខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងជើង។

ការតែងតាំងនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំសភាប្រជាជនកំពូលអាណត្តិទី១៥ កាលពីថ្ងៃទី២២ ខែមីនា។ របាយការណ៍របស់ KCNA បានអះអាងថា ការបោះឆ្នោតជ្រើសតាំងលោក គីម ជុងអ៊ុន ជាថ្មីនេះ គឺជាការឆ្លុះបញ្ចាំងពីឆន្ទៈ និងបំណងប្រាថ្នាជាឯកច្ឆន្ទរបស់ប្រជាជនកូរ៉េទាំងមូល។ យ៉ាងណា បណ្តាអ្នករិះគន់ និងអ្នកវិភាគអន្តរជាតិបានលើកឡើងថា ការបោះឆ្នោតនៅក្នុងប្រទេសកូរ៉េខាងជើង គ្រាន់តែជាព្រឹត្តិការណ៍ដែលរៀបចំឡើងដើម្បីបំពេញកិច្ច និងមានលទ្ធផលកំណត់ទុកជាមុនតែប៉ុណ្ណោះ។

លោកស្រី លី ហូយុង (Lee Ho-ryung) មកពីវិទ្យាស្ថានកូរ៉េសម្រាប់ការវិភាគការពារជាតិកូរ៉េខាងត្បូង បានពន្យល់ថា កូរ៉េខាងជើងរៀបចំព្រឹត្តិការណ៍បែបនេះ ដើម្បីបង្កើនភាពស្របច្បាប់ផ្នែកនយោបាយតាមរយៈនីតិវិធីបោះឆ្នោត ប៉ុន្តែគ្មាននរណាម្នាក់គិតថាវានឹងមានលទ្ធផលផ្សេងពីនេះឡើយ។ គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន គឺជាមេដឹកនាំកំពូលជំនាន់ទី៣ ដែលបានគ្រប់គ្រងប្រទេសមានអាវុធនុយក្លេអ៊ែមួយនេះ ចាប់តាំងពីឪពុករបស់លោកបានទទួលមរណភាពក្នុងឆ្នាំ២០១១៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត