
រដ្ឋធានីព្យុងយ៉ាង៖ ក្នុងបរិបទនយោបាយសកលលោក ឆ្នាំ២០២៦ ពិភពលោកកំពុងឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់បំផុតមួយ ក្រោមស្រមោលអន្ធការនៃសង្គ្រាមដ៏សាហាវរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់។ ចោលកន្ទុយភ្នែកសម្លឹងមើលទៅឧបទ្វីបកូរ៉េ មានបុរសម្នាក់កំពុងអង្គុយក្តាប់អាវុធនុយក្លេរអ៊ែរណែនដៃ រួមទាំងអាវុធទំនើបៗជាច្រើនប្រភេទទៀត នោះគឺមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ គេកត់សម្គាល់ឃើញថា បន្ទាប់ពីភ្លើងសង្គ្រាមមច្ចុរាជនៅមជ្ឈិមបូព៌ាឆាបឆេះឡើង បុរសផ្តាច់ការកូរ៉េខាងជើងរូបនេះ ចេះតែរមាស់ដៃ នៅមិនស្ងៀម ដោយធ្វើសមយុទ្ធបង្អួតអាវុធខ្លួនដូចគេហាលលៀសលក់នៅកម្ពុជា...។

នៅថ្ងៃសុក្រទី២០ ខែមីនា ឆ្នាំ២០២៦នេះ លោក គីម ជុងអ៊ុន បានបញ្ជាផ្ទាល់ក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅមូលដ្ឋានហ្វឹកហ្វឺនព្យុងយ៉ាង។ លោក គីម បានបញ្ចេញនូវរថក្រោះជំនាន់ថ្មីដ៏ទំនើប ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារឆ្លាតវៃ ប្រឆាំងនឹងការវាយប្រហារពីលើអាកាសរបស់ដ្រូន និងមីស៊ីលប្រឆាំងរថក្រោះ ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់សមរភូមិនាសតវត្សរ៍ទី២១។ លោក គីម បានអះអាងដោយមោទកភាពថា នេះគឺជាអាវុធការពារខ្លួនដ៏រឹងមាំបំផុតក្នុងលោក ដែលត្រៀមខ្លួនជាស្រេចក្នុងការវាយលុកកម្ទេចរាល់ឧបសគ្គនៅលើសមរភូមិដីគោក។ យ៉ាងណា ការសម្ញែងសាច់ដុំយោធាទាំងកង់ៗរបស់លោក គីម ជារឿងធម្មតាទៅហើយ ប៉ុន្តែអ្វីដែលមិនធម្មតានោះ គឺថា មេដឹកនាំកូរ៉េខាងជើងរូបនេះ ចេះតែធ្វើសមយុទ្ធ បង្អួតអាវុធ សម្ញែងអំណាចយោធាបណ្តាក់គ្នាដូចខ្យង បន្ទាប់ពីសង្គ្រាមនៅដើមបូព៌ាផ្ទុះឡើង។

ជាក់ស្តែង ដើមឆ្នាំ២០២៦ ក្រៅពីរថក្រោះខាងលើ លោក គីម ក៏បានសាកល្បងអាវុធមហាប្រល័យជាបន្តបន្ទាប់ ដោយក្នុងនោះក៏រួមបញ្ចូលនូវការសាកល្បងដ្រូនវាយប្រហារក្រោមទឹកប្រភេទហែអ៊ីល (Haeil-5-23)។ វាមានរហ័ស្សនាមថា រលកយក្សស៊ូណាមិ អាចមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ហើយអាចទៅកម្ទេចក្បួនកងនាវាចម្បាំង និងកំពង់ផែសត្រូវត្រឹមមួយប៉ប្រិចភ្នែក។ លើសពីនេះ លោក គីម ក៏បានបញ្ចេញមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ និងអាចបត់បែនគន្លងហោះហើរបានតាមចិត្ត។ ជាងនេះ លោក គីម ក៏បានកាន់អាយកូមបញ្ជាផ្ទាល់លើការសាកល្បងនាវាចម្បាំងខ្នាតយក្សផងដែរ ដែលអាចបំពាក់នូវមីស៊ីលតម្រង់ទិស ឬមីស៊ីលគ្រូស ប្រភេទវ៉ាសល២ (Hwasal-2)។ ក្រៅពីនេះ ក៏មានអាវុធទំនើបៗផ្សេងៗជាច្រើនទៀត ដូចជា៖ នាវាមុជទឹក និងមីស៊ីលអន្តរទ្វីប ដើរដោយឥន្ធនៈរឹងជាដើម។

ជារួមមក ការសាកល្បងអាវុធមហាប្រល័យចម្រុះរបស់កូរ៉េខាងជើង តាំងពីការវាយប្រហារលើដីគោក ក្រោមទឹក លើទឹក រហូតដល់ដែនអាកាស។ ឆ្នាំ២០២៦នេះ មិនមែនជារឿងចៃដន្យឡើយ។ មិនចៃដន្យក៏នៅត្រង់ថា វាអាចជាចុតម្មាយមច្ចុរាជ ដែលលោក គីម ចង់ស្រែកប្រាប់ទៅកាន់ពិភពលោក ជាពិសេស សត្រូវរបស់ខ្លួនថា«ប៉ះនរណាប៉ះបាន តែកុំប៉ះកូរ៉េខាងជើង ប្រយ័ត្នរលាក»។ ថ្វីបើមានអាវុធនុយក្លេអ៊ែរពេញដៃ យុទ្ធោបករណ៍ទំនើបៗ និងរបស់លេងច្រើនក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ចង់លេងជាមួយកូរ៉េខាងជើងឡើយ។ មានសំណួរជាច្រើន បានដាក់ជាមន្ទិលថា តើគេមិនហ៊ានប៉ះកូរ៉េខាងជើង ឬមួយក៏របបផ្តាច់ការមួយនេះគ្មានប្រយោជន៍អ្វីឱ្យគេប៉ះ?..៕






