អបអរសាទរ! ទីក្រុង៥របស់កម្ពុជា ទទួល«ពានរង្វាន់ជាទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០២៦»
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ មោទនភាពជាតិ ក្រុងចំនួន៥របស់ប្រទេសកម្ពុជា បានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០២៦ នៅកោះស៊េប៊ូ ប្រទេសហ្វីលីពីន...។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទីក្រុងទាំង៥របស់កម្ពុជាដែលទទួលបានពានរង្វាន់ រួមមាន៖ ១.ក្រុងសៀមរាប ២.ក្រុងស្ទឹងសែន ៣.ក្រុងកំពង់ចាម ៤.ក្រុងបាត់ដំបង និង៥.ក្រុងព្រះសីហនុ។ មិនទាន់អស់ទេ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ កម្ពុជាទទួលបានពានរង្វាន់ចំនួន២២ទៀត រួមមាន៖ ពានរង្វាន់ស្តង់ដារសណ្ឋាគារបៃតងអាស៊ានចំនួន៥, ស្តង់ដារ MICE អាស៊ាន ប្រភេទបន្ទប់ប្រជុំ ចំនួន៥, ស្តង់ដារ MICE អាស៊ាន ប្រភេទសាលពិព័រណ៍ ចំនួន៥, ស្តង់ដារ MICE អាស៊ាន ប្រភេទសាលរៀបចំព្រឹត្តិការណ៍ ចំនួន៥, ស្តង់ដារទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ប្រភេទទីប្រជុំជន) ចំនួន១ និងស្តង់ដារទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ប្រភេទជនបទ) ចំនួន១។

ពិធីប្រគល់ពានរង្វាន់នេះ ទេសចរណ៍អាស៊ានឆ្នាំ២០២៦ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០មករា នៅកោះស៊េប៊ូ ប្រទេសហ្វីលីពីន ដោយមានការអញ្ជើញចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងរដ្ឋបាលខេត្តចំនួន៥ និងវិស័យឯកជនផ្នែកបដិសណ្ឋារកិច្ច និងសេវាស្នាក់នៅដែលជាបេក្ខជនជ័យលាភី។ ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ លោក ហួត ហាក់ មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងការផ្ដល់សេវាកម្មប្រកបដោយគុណភាព បដិសណ្ឋារកិច្ចល្អ និងផ្តល់ភាពកក់ក្ដៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត