
រដ្ឋធានីមូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្កេ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃទី២៨ ខែមីនានេះ បានពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araqchi) អំពីលទ្ធភាពនៃដំណោះស្រាយការទូតដើម្បីបញ្ចប់សង្គ្រាមផ្តើមឡើងរួមគ្នាដោយអាម៉េរិក-អ៊ីស្រាអែលទៅលើអ៊ីរ៉ង់។ នេះបើយោងតាមក្រសួងការបរទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័រក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា៖«រដ្ឋមន្ត្រីរុស្ស៊ី-អ៊ីរ៉ង់ បានពិភាក្សាយ៉ាងលម្អិតអំពីវិបត្តិយោធា និងនយោបាយដ៏តានតឹងបំផុតនៅមជ្ឈិមបូព៌ា..។ ភាគីទាំង២ បានផ្លាស់ប្ដូរមតិគ្នា អំពីលទ្ធភាពក្នុងការបង្វែរជម្លោះនេះ ឱ្យទៅជាការដោះស្រាយតាមផ្លូវច្បាប់ និងការទូតវិញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពផលប្រយោជន៍របស់ប្រទេសទាំងអស់នៅក្នុងតំបន់»។

គួររំលឹកថា រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច យោធា និងថាមពល ប៉ុន្តែមិនមានកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមកនោះទេ។ ចំណែកឯរុស្ស៊ីវិញ ក៏បានប្រើប្រាស់ដ្រូនដែលរចនាដោយអ៊ីរ៉ង់ នៅក្នុងជម្លោះរយៈពេល៤ឆ្នាំរបស់ខ្លួនជាមួយអ៊ុយក្រែនផងដែរ៕



