
មជ្ឈិមបូព៌ា៖ ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានសម្លាប់ឥស្សរជននយោបាយកំពូលៗ និងមន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបរបស់អ៊ីរ៉ង់ ខណៈសង្គ្រាមក្នុងតំបន់នេះកំពុងរំខានដល់ទីផ្សារថាមពល និងការដឹកជញ្ជូនសកល។ គិតមកទល់ពេលនេះ តើក្បាលម៉ាស៊ីនដឹកនាំសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់សំខាន់ៗរូបណាខ្លះ ត្រូវបានសម្លាប់...?

រាប់ចាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណេ (Ayatollah Ali Khamenei) មានវ័យ៨៦ឆ្នាំ និងកាន់អំណាចជាង៣ទសវត្សរ៍ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អាម៉េរិក-អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ (ជាថ្ងៃដំបូងនៃការផ្ទុះសង្គ្រាម)។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល និងជាអ្នកនយោបាយជើងចាស់ លោក អាលី ឡារីហ្សានី (Ali Larijani) ក៏ត្រូវបានសម្លាប់ក្នុងវ័យ៦៧ឆ្នាំ។ លើសពីនេះ ការវាយប្រហាររួមគ្នារបស់អាម៉េរិក-អ៊ីស្រាអែល ក៏បានផ្តាច់ជីវិតលោក អេសម៉ាអ៊ីល ខាទីប (Esmail Khatib) រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់, លោក អាលី សាំខានី (Ali Shamkhani) ទីប្រឹក្សាជំនិតរបស់លោក ខាមេណេ និងជាបុគ្គលសំខាន់ក្នុងគោលនយោបាយនុយក្លេអ៊ែរ, លោក ម៉ូហាំម៉ាត់ ប៉ាក់ពួរ (Mohammad Pakpour) អគ្គមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាម, លោក អាហ្ស៊ីស ណាស៊ីហ្សឺដេហ៍ (Aziz Nasirzadeh) រដ្ឋមន្ត្រីការពារជាតិ, លោក អាប់ឌុលរ៉ាហ៊ីម មូសាវី (Abdolrahim Mousavi) អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ, លោក ហ្គោឡាមរ៉េហ្សា សូឡីម៉ានី (Gholamreza Soleimani) មេបញ្ជាការកងកម្លាំងបាស៊ីជ, និងលោក បេហ៍ណាម រ៉េហ្សៃ (Behnam Rezaei) ប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជើងទឹកនៃកងឆ្មាំបដិវត្តន៍។ ក្រៅពីនេះ ក៏មានមេដឹកនាំយោធាអ៊ីរ៉ង់ផ្សេងៗជាច្រើនរូបទៀត ដែលត្រូវបានផ្តាច់ជីវិតក្រោមកណ្តាប់ដៃអាម៉េរិក និងអ៊ីស្រាអែល៕




