
រដ្ឋធានីញ៉ូវដេលី៖ ប្រទេសឥណ្ឌា និងរុស្ស៊ី កំពុងបង្កើនកិច្ចសហប្រតិបត្តិការថាមពលឱ្យកាន់តែស៊ីជម្រៅឡើងវិញ ទោះបីជាធ្លាប់បានកាត់បន្ថយការទិញប្រេងពីរុស្ស៊ី ដើម្បីសម្រុះសម្រួលពន្ធគយជាមួយលោក ដូណាល់ ត្រាំ កាលពីខែមករាក៏ដោយ...។

យោងតាមប្រភពជិតស្និទ្ធនឹងបញ្ហាខាងលើ ភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំការលក់ឧស្ម័នធម្មជាតិរាវដោយផ្ទាល់ពីរុស្ស៊ីមកឥណ្ឌាជាលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើង នេះជាសកម្មភាពមួយដែលអាចនឹងរំលោភលើទណ្ឌកម្មរបស់លោកខាងលិច។ កិច្ចព្រមព្រៀងមាត់ទទេនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក ប៉ាវែល សូរ៉ូគីន (Pavel Sorokin) និងរដ្ឋមន្ត្រីប្រេងឥណ្ឌា លោក ហាឌីព ស៊ីញ ពូរី (Hardeep Singh Puri) កាលពីថ្ងៃទី១៩ ខែមីនា នៅរដ្ឋធានីញូវដេលី។ ក្រៅពីឧស្ម័ន LNG ភាគីទាំងពីរក៏បានព្រមព្រៀងបង្កើនការនាំចូលប្រេងឆៅពីរុស្ស៊ីមកឥណ្ឌាវិញផងដែរ ដែលអាចនឹងហក់ឡើងដល់៤០ភាគរយ នៃការនាំចូលសរុបរបស់ឥណ្ឌា ក្នុងរយៈពេលមួយខែខាងមុខ ពោលគឺកើនឡើងទ្វេដងធៀបនឹងកម្រិតកាលពីខែមករា។

ការងាកមកចាប់ដៃជាមួយរុស្ស៊ីជាថ្មីនេះ កើតឡើងចំពេលដែលតម្លៃថាមពលសកលកំពុងហក់ឡើងខ្ពស់ បង្កឡើងដោយសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ ឥណ្ឌាដែលជាប្រទេសនាំចូលប្រេងធំជាងគេទីបីរបស់ពិភពលោក ក៏បានបង្ហាញជំហរយ៉ាងច្បាស់ថា នឹងធ្វើអ្វីៗដើម្បីបម្រើផលប្រយោជន៍ជាតិ និងសន្តិសុខថាមពលរបស់ខ្លួន ទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធពីរដ្ឋធានីវ៉ាស៊ីនតោនក៏ដោយ។ បច្ចុប្បន្ន ឥណ្ឌាក៏កំពុងព្យាយាមស្នើសុំការលើកលែងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក ចំពោះការទិញឧស្ម័ន LNG ពីរុស្ស៊ីនេះផងដែរ៕



