រដ្ឋមន្រ្តីការបរទេសអាម៉េរិក៖ សង្គ្រា.មកម្ចាត់អ៊ីរ៉ង់ នឹងបញ្ចប់ត្រឹមប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ដោយមិនចាំបាច់ប្រើទ័ពជើងគោកឡើយ
ហៀប ស៊ីថេត
16 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក រំពឹងថា ប្រតិបត្តិការយោធារបស់ខ្លួនកម្ចាត់អ៊ីរ៉ង់នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មិនមែនរាប់ខែនោះទេ ហើយរដ្ឋធានីវ៉ាស៊ីនតោន អាចសម្រេចបានគោលដៅទាំងអស់ ដោយមិនចាំបាច់ប្រើប្រាស់កងទ័ពជើងគោកឡើយ។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) នៅថ្ងៃទី២៨ ខែមីនា។

លោក ម៉ាកូ រ៉ូប៊ីអូ 
លោក ម៉ាកូ រ៉ូប៊ីអូ 

ទន្ទឹមនឹងនេះ មន្ត្រីអាម៉េរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យយោធាអាម៉េរិក ២នាក់រងរបួសធ្ងន់ និង១០នាក់ទៀតរងរបួសស្រាល ខណៈដ្រូន និងមីស៊ីលអ៊ីរ៉ង់នៅតែបន្តវាយប្រហារជុំវិញតំបន់ឈូងសមុទ្ទ។ លោក រ៉ូប៊ីអូ បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីជាសមាជិកក្រុមប្រទេសទាំង៧ (G7) នៅប្រទេសបារាំងថា រដ្ឋធានីវ៉ាស៊ីនតោនកំពុងស្ថិតលើផែនការ ឬដើរមុនកាលវិភាគនៅក្នុងប្រតិបត្តិការកម្ទេចអ៊ីរ៉ង់នេះ ហើយរំពឹងថា នឹងបញ្ចប់វានៅពេលវេលាសមស្របណាមួយ ពោលគឺក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មិនមែនរាប់ខែឡើយ ដោយអាម៉េរិកមិនចាំបាច់ប្រើកងទ័ពជើងគោកនោះទេ។ យ៉ាងណា រដ្ឋធានីវ៉ាស៊ីនតោនកំពុងបញ្ជូនកងទ័ពខ្លះទៅកាន់តំបន់មជ្ឈិមបូព៌ាដ៏ក្តៅគគុកនេះ ដើម្បីទុកជាជម្រើសសម្រាប់ករណីចាំបាច់។ 

ការអះអាងរបស់លោក ម៉ាកូ រ៉ូប៊ីអូ ហាក់ផ្ទុយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោក ត្រាំ អះអាងថា បញ្ចូនកងទ័ពថ្មើរជើងទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយបានពន្យារពេលរយៈពេល១០ថ្ងៃបន្ថែមទៀត សម្រាប់អ៊ីរ៉ង់ ដើម្បីបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការវាយប្រហារលើបណ្តាញថាមពលស៊ីវិល។ គួរបញ្ជាក់ថា សង្គ្រាមនេះ បានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា សម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពលដ៏ធំបំផុតមិនធ្លាប់មាន ដែលធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងលើសពី១១២ដុល្លារក្នុង១បារ៉ែល។ នៅក្នុងប្រទេសអ៊ីរ៉ង់ មនុស្សជាង១៩០០នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់២០០០០នាក់បានរងរបួស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត