មិនត្រឹមមិនដកចេញទេ យោធាឈ្លានពានថៃ បានដាក់ពង្រាយទូកុងតឺន័រចំនួន៣បន្ថែមទៀតនៅតំបន់ថ្មដា
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ មិនត្រឹមតែមិនដកចេញ យោធាឈ្លានពានថៃ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានយកទូកុងតឺន័រចំនួន៣បន្ថែមទៀត មកដាក់ព័ទ្ធក្នុងទឹកដីកម្ពុជា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា…។

នៅថ្ងៃទី២៧មីនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ (ឬច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដែលកងទ័ពថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័រ។ តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរចុះត្រួតពិនិត្យនេះ ក្រសួងការបរទេស អះអាងថា ទូកុងតឺន័រថ្មីទាំង៣នោះ ថៃទើបដាក់ ដើម្បីបិទផ្លូវជាតិលេខ៥៥ និងបិទផ្លូវចូលផ្ទះ និងដីធ្លីរបស់ពលរដ្ឋភៀសសឹកខ្មែរ។

ក្រៅតែពីចុះទៅកាន់តំបន់ព្រំដែនដែលថៃរំលោភកាន់កាប់ដីកម្ពុជានេះ គណៈប្រតិភូបរទេសដឹកនាំដោយរដ្ឋមន្រ្តីការបរទេសកម្ពុជា ក៏បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកកម្ពុជា៧៦គ្រួសារ ដែលកំពុងរស់នៅក្នុងជំរំស្នាក់នៅបណ្តោះអាសន្ន នៅក្នុងស្រុកវាលវែង ដែលមិនអាចទាន់វិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារយោធាឈ្លានពានថៃ បន្តកាន់កាប់ទាំងខុសច្បាប់ ចាប់តាំងពីមានការប្រយុទ្ធគ្នានៅខែធ្នូ ឆ្នាំ២០២៥។

សូមជម្រាប់ថា តំបន់មួចំនួនរបស់កម្ពុជា ស្ថិតនៅឃុំថ្មដា ចាប់ពីចំណុចភ្លុកដំរី រហូតដល់ច្រកព្រំដែនជ័យជំនះ ត្រូវបានយោធាថៃដាក់ពង្រាយទូកុងតឺន័រជាង៥០ ចាប់តាំងពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២៦មក។ មិនមែនតែតំបន់ ឬឃុំថ្មដា ខេត្តពោធិ៍សាត់ឡើយ នៅមានតំបន់ផ្សេងទៀត និងស្ថិតក្នុងខេត្តដទៃទៀតរបស់កម្ពុជា ក៏ត្រូវយោធាឈ្លានពានថៃ ដាក់ទូកុងតឺន័រ និងស្រាស់បន្លាលួសដែរ។ ការដាក់ទូកុងតឺន័រ និងស្រាស់បន្លាលួសនេះ ធ្វើឱ្យពលរដ្ឋកម្ពុជាមួយចំនួនធំ មិនទាន់អាចចូលទៅស្នាក់នៅក្នុងផ្ទះសម្បែងវិញបាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត