
រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងនៅថ្ងៃ២៧មីនាថា មន្រ្តីជំនាញមិនបានចុះលក់បំពង់ពន្លត់អគ្គិភ័យតាមផ្ទះពលរដ្ឋនោះទេ គឺគ្រាន់តែចុះទៅអប់រំពីការបង្ការ និងការទប់ស្កាត់អគ្គិភ័យប៉ុណ្ណោះ។ ការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេកប៊ុកឈ្មោះ Kim Lay បានបង្ហោះសារនាពេលថ្មីៗនេះថា «តើសាលាក្រុង ជាអ្នកចាត់ចែងឱ្យមន្រ្តីដើរលក់បំពង់អគ្គិភ័យពិតមែនទេ? [មន្រ្តីនោះ] គាត់ថាបើផ្ទះណាគ្មានបំពង់អគ្គិភ័យត្រូវតាមស្ដង់ដា គឺត្រូវរងការផាកពិន័យ ហើយមន្រ្តីចុះមកដូរមុខផ្សេងគ្នារហូត»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកការបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គមនេះ គឺជាការចោទប្រកាន់មកលើសមត្ថកិច្ចជំនាញគ្មានមូលដ្ឋាន និងគ្មានមូលហេតុច្បាស់លាស់ ដែលនាំឱ្យសាធារណជនយល់ច្រឡំ ហើយបញ្ចេញមតិរិះគន់មកលើសមត្ថកិច្ចជំនាញផ្នែកអគ្គិភ័យ។ បន្ទាប់ពីទទួលបានការរិះគន់ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាយការិយាល័យពន្លត់អគ្គិភ័យ ចុះស្រាវជ្រាវ ហើយរកឃើញថា នៅថ្ងៃ២៦មីនា វេលាម៉ោង១០ព្រឹក ពិតជាមានកម្លាំងជំនាញ៤នាក់ បានទៅដល់ផ្ទះប្រជាពលរដ្ឋនៅបុរី សំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ហើយបានឈប់ឈរខាងមុខផ្ទះរបស់ស្ត្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Kim Lay និងបានគោះទ្វាររបងផ្ទះហៅម្ចាស់ផ្ទះមកណែនាំអំពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងរបៀបរត់គេចពេលមានអាសន្នកើតឡើង ប៉ុន្តែមិនបានជួបម្ចាស់ផ្ទះនោះទេ ដោយគ្មានអ្នកនៅផ្ទះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា មន្រ្តីជំនាញ ចុះទៅផ្សព្វផ្សាយអប់រំណែនាំ ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងចូលរួមបង្ការទប់ស្កាត់អគ្គិភ័យ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបង្រៀនប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន រោងចក្រ ខុនដូ លំនៅឋាន និងរបៀបសង្រ្គោះបឋម ហើយការចុះផ្សព្វផ្សាយនោះ ក៏មិនបង្ខំឱ្យប្រជាពលរដ្ឋទិញបំពង់ពន្លត់អគ្គិភ័យនោះដែរ ប៉ុន្តែបើប្រជាពលរដ្ឋស្ម័គ្រចិត្តទិញ សមត្ថកិច្ចនឹងលក់ជូនតាមតម្លៃទីផ្សារ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការិយាល័យពន្លត់អគ្គិភ័យ មិនមានគោលការណ៍ផាកពិន័យនោះទេ ប៉ុន្តែបើមន្រ្តីណាចុះទៅអនុវត្តគ្មានក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តលើសបទបញ្ជា និងគោលការណ៍របស់ការិយាល័យជំនាញ ហើយក្នុងករណីរកឃើញមន្រ្តីណាប្រព្រឹត្តកំហុសឆ្គង មន្រ្តីនោះនឹងប្រឈមមុខចំពោះការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិ៕



