
រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បន្តចេញលិខិតតវ៉ាមួយទៀតប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃ ដែលមិនព្រមឈប់ធ្វើសកម្មភាពរំលោភបំពាន ឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ជាបន្តបន្ទាប់ដែលសកម្មភាពនេះផ្ទុយនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ…។

សេចក្ដីថ្លែងការណ៍ក្រសួងការបរទេស ផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។ ចំណែក នៅតំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន រួមទាំងរូបសំណាកព្រះពុទ្ធ។ នៅភូមិថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ វិញ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ ព្រមទាំងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួននៅភាគខាងលិចនៃតំបន់ដំណាក់ស្តេច។

ដោយឡែក នៅតំបន់អានសេះ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន ព្រមទាំងបានលើកទង់ជាតិថៃ។ មិនទាន់អស់ទេ សកម្មភាពស្រដៀងគ្នានេះ ក៏បានកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្តុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និងភ្នំ៥០០ ដែលកងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយព្រះសង្ឃថៃបានសាងសង់រូបសំណាកព្រះពុទ្ធរូបមួយអង្គ។ ចំពោះនៅតំបន់តាថាវ តំបន់តាសឹម និងចាក់ច្រែង ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃក៏បានបន្តសកម្មភាពគឃ្លើន ឈូសឆាយដី សាងសង់ផ្លូវ និងសំណង់បេតុងអចិន្រ្តៃយ៍មួយចំនួនក្នុងទឹកដីកម្ពុជា រួមទាំងម្តុំប្រាសាទដូនទុន, ភ្នំ៥០៥, ភ្នំ៣៣៣, និងតំបន់ច្រកតាថាវ។ ក្រសួងការបរទេសកម្ពុជា អះអាងថា ក្រៅពីឈូសឆាយដីធ្វើផ្លូវ សង់សំណង់បេតុងអចិន្រ្តៃយ៍ កងកម្លាំងថៃ ព្រមទាំងមានជំនួយពីព្រះសង្ឃថៃនោះ បាននាំគ្នាសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗក្នុងទឹកដីកម្ពុជា រួមទាំងតំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ ផងដែរ។

សូមជម្រាបថា តំបន់ទាំងអស់ខាងលើនេះ ស្ថិតនៅក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន១/២០០០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ កម្ពុជាចាត់ទុកសកម្មភាពខាងលើ គឺជាការរំលោភបន្ថែមទៀតលើមាត្រា៥នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ ស្តីពីការវាស់វែង និងបោះបង្គោលព្រំដែន និងអំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ទាំងអស់ក្នុងទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ និងប្រកាន់ជំហរជាគោលការណ៍ថា «ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងឡើយ»៕





