
រាជធានីបាងកក៖ មន្ត្រីយោធាថៃបានបញ្ជាក់ថា ប្រទេសថៃនឹងចាប់ផ្ដើមសាងសង់របងព្រំដែននៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសកម្ពុជា ក្នុងខែមេសាខាងមុខនេះ ជាខែនៃរដូវចូលឆ្នាំខ្មែរ។ យ៉ាងណា មានមតិជាច្រើនចោទជាសំណួរថា តើការសាងសង់របងព្រំដែនរបស់ថៃ ជាចេតនាពង្រឹងសន្តិសុខព្រំដែន ឬជាយុទ្ធសាស្ត្ររំលោភបំពានឈ្លានពានទឹកដីកម្ពុជា..? នេះបើតាមការចុះផ្សាយដោយកាសែត Laotian Times នៅថ្ងៃពុធទី១៨ ខែមីនា។

យោងតាមយោធាភូមិន្ទថៃ ដំណាក់កាលនៃការសាកល្បងសាងសង់ នឹងគ្របដណ្ដប់លើចម្ងាយប្រហែល១,៣គីឡូម៉ែត្រ ស្ថិតក្នុងខេត្តចន្ទបុរី ចន្លោះបង្គោលព្រំដែនលេខ៥២ដល់៥៤។ តំបន់នេះ គឺជាស្រុកដែលជាប់ព្រំប្រទល់ជាមួយខេត្តប៉ៃលិន និងខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជា។ ការសាងសង់នេះ គឺជាផ្នែកតូចមួយនៃព្រំដែនសរុបជិត៨០០គីឡូម៉ែត្រ រវាងប្រទេសទាំង២ ហើយត្រូវបានរំពឹងថា នឹងប្រើពេលប្រហែល៤៥ថ្ងៃដើម្បីបញ្ចប់។ ភាគីថៃបញ្ជាក់ថា គម្រោងនេះមិនមានជាប់ពាក់ព័ន្ធនឹងជម្លោះទឹកដីណាមួយឡើយ ហើយសម្រាប់ដំណាក់កាលបន្ទាប់ នឹងមានការបន្ថែមរបងអេឡិចត្រូនិកដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញា (ឬ sensors) និងកាមេរ៉ាសុវត្ថិភាព (CCTV) ដើម្បីតាមដាន២៤ម៉ោងលើ២៤ម៉ោង។

មែនទែនទៅ ការសាងសង់របងនេះកើតឡើងចំពេលមានភាពតានតឹងដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងទាំង២ បន្ទាប់ពីយោធាថៃបើកការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃ ឃោរឃៅ និងយង់ឃ្នងជាទីបំផុត មកលើដែនអធិបតេយ្យភាពកម្ពុជា កាលពីពេលកន្លងទៅ បណ្ដាលឱ្យមនុស្សរាប់សិបនាក់ស្លាប់និងរងរបួស និងធ្វើឱ្យប្រជាជនស្លូតត្រង់ជាច្រើនសែននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងយ៉ាងតក់ក្រហល់។ ចំណុចស្នូលនៃជម្លោះនេះ គឺប្រាសាទព្រះវិហារដែលកសាងឡើងក្នុងសតវត្សរ៍ទី១១។ ទោះបីជា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចកាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ថា ប្រាសាទនេះជារបស់កម្ពុជា ប៉ុន្តែប្រទេសថៃនៅតែបន្តទាមទារផ្នែកខ្លះនៃតំបន់ជុំវិញប្រាសាទបុរាណខ្មែរមួយនេះ។

យ៉ាងណា ការប្រកាសរបស់មន្ត្រីយោធាថៃក្នុងការចាប់ផ្តើមសាងសង់របងព្រំដែនជាមួយកម្ពុជា នៅខែមេសាខាងមុខ បង្កើតឱ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះឆន្ទៈពិតប្រាកដរបស់រាជធានីបាងកក។ ទោះបីជាថៃអះអាងថា ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនក៏ដោយ ប៉ុន្តែសកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការបិទបាំងមហិច្ឆតាដលេបត្របាក់ទឹកដីកម្ពុជាពីការឈ្លានពានរបស់ខ្លួនប៉ុណ្ណោះ។ លើសពីនេះ ការសាងសង់របងដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប អាចជាយុទ្ធសាស្ត្រនៃការបង្កើតហេតុនៅលើដីកម្ពុជា ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនតាមអំពើចិត្តរបស់ខ្លួន។ បើថៃពិតជាចង់បានសន្តិភាពមែន ហេតុអ្វីបានជាមិនគោរពតាមគំនូសផែនទីដែលអន្តរជាតិទទួលស្គាល់ និងសាលដីកាតុលាការឡាអេឱ្យបានពេញលេញ ជាជាងការសង់របងខណ្ឌចែកដែលបង្កប់នូវផែនការទុច្ចរិត និងការគំរាមកំហែងផ្នែកយោធាបែបនេះ?...៕




