កម្ពុជាប្រឆាំងនឹងថៃដែលហ៊ានចូលមកសាងសង់ព្រះពុទ្ធបដិមា ជីកកកាយនៅលើភ្នំប្រាសាទព្រះវិហារ និងសកម្មភាពខុសច្បាប់ថ្មីៗបន្តបន្ទាប់
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីថ្លែងការណ៍តវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ…។

បើតាមក្រសួងការបរទេសកម្ពុជា កាលពីចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ យោធា និងជនស៊ីវិលថៃបានសាងសង់ និងជីកកកាយខុសច្បាប់នៅលើភ្នំប្រាសាទព្រះវិហារ រួមទាំងសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ ខណៈសកម្មភាពទាំងនេះបានផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបញ្ជាក់ថា ប្រាសាទព្រះវិហារ និងភ្នំប្រាសាទព្រះវិហារទាំងមូលស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណេះ កាលពីថ្ងៃទី៧មីនាថ្មីៗនេះ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយព្រះអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្ដងហើយម្ដងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការសាងសង់ក៏ដោយ។

ក្រសួងការបរទេសកម្ពុជា អះអាងថា រហូតមកដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធ ក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលកងកម្លាំងថៃបានដំឡើងទង់ជាតិខ្លួន និងសាងសង់ផ្លូវបេតុង។

តាមរយៈក្រសួងការបរទេស រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក។ បន្ថែមពីនេះ កម្ពុជាប្រកាសថា នៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត