
រដ្ឋធានីតេហេរ៉ង់៖ មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) លោក អាលីរ៉េហ្សា តាំងស៊ីរី (Alireza Tangsiri) ជាតួអង្គដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងការគ្រប់គ្រងច្រកសមុទ្ទហ័រមូស្ស ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ...។

លោក តាំងស៊ីរី គឺជាអ្នកយុទ្ធសាស្ត្រជើងចាស់ដែលមានមហិច្ឆតាខ្ពស់ និងជាអ្នកនៅពីក្រោយការអភិវឌ្ឍអាវុធមិនធម្មតា ដូចជា មីស៊ីលតម្រង់ទិស ដ្រូនប្រយុទ្ធ និងទូកល្បឿនលឿន ដើម្បីពង្រីកអំណាចឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្ទពែរ្ស និងរារាំងនាវាដឹកប្រេងសកល។ ការវាយប្រហារនេះ បានកើតឡើងនៅក្នុងទីក្រុងកំពង់ផែបង់ដា អាបាស (Bandar Abbas) ដែលបានសម្លាប់ទាំងលោក តាំងស៊ីរី និងប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជើងទឹក IRGC លោក បេណាំ រ៉េហ្សាអ៊ី (Behnam Rezaei) ផងដែរ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាតហ្ស៍ (Israel Katz) បញ្ជាក់ថា លោក តាំងស៊ីរី គឺជាអ្នកទទួលខុសត្រូវក្នុងការបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស ហើយការសម្លាប់មេបញ្ជាការរូបនេះ គឺជាសារព្រមានទៅកាន់ក្រុមកងឆ្មាំបដិវត្តន៍ថា អ៊ីស្រាអែលនឹងតាមប្រមាញ់ និងកម្ចាត់ពួកគេម្នាក់ម្ដងៗ។ ចំណែក ឯមេបញ្ជាការកងទ័ពអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក អេដម៍ ប្រេនខូបភើរ (Adm Brad Cooper) ក៏បានលើកឡើងផងដែរថា ការបាត់បង់ជីវិតរបស់មេបញ្ជាការរូបនេះ នឹងធ្វើឱ្យតំបន់ទាំងមូលមានសុវត្ថិភាពជាងមុន។

កួរបញ្ជាក់ថា លោក តាំងស៊ីរី ជាមន្ត្រីមានមនោគមវិជ្ជាជ្រុលនិយម និងធ្លាប់បានឆ្លងកាត់សង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ (១៩៨០-១៩៨៨) ចាប់តាំងពីលោកនៅជាយុវជនមកម៉្លេះ។ កាលពីសប្តាហ៍មុន លោកថែមទាំងបានឌឺដងឱ្យសហរដ្ឋអាម៉េរិក ហ៊ានវាយលុកកោះខាក៍ (Kharg) ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ និងបានព្រមានថា ខ្លួនបានរៀបចំរណ្តៅសពសម្រាប់ពួកឈ្លានពានរួចជាស្រេច។ ការបាត់បង់មេបញ្ជាការដ៏ជំនាញរូបនេះ ត្រូវបានគេរំពឹងថា ជាការប៉ះទង្គិចផ្លូវចិត្ត និងបច្ចេកទេសយ៉ាងធ្ងន់ធ្ងរដល់កងទ័ពជើងទឹកអ៊ីរ៉ង់ ចំពេលភាពតានតឹងក្នុងតំបន់កំពុងឡើងដល់កម្រិតកំពូល៕


