
មជ្ឈិមបូព៌ា៖ សីតុណ្ហភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងឡើងកម្តៅកាន់តែខ្លាំងដូចបន្ទុះភ្នំភ្លើង។ បន្ទាប់ពីប្រើយន្តហោះចម្បាំង មីស៊ីល និងដ្រូនកំណាចៗ លាន់ខ្ទរកក្រើកព្រះធរណី និងអាកាសា ពេលនេះ សម្ព័ន្ធមិត្តភ្លោះ(អាម៉េរិក-អ៊ីស្រាអែល)មានផែនការប្រយុទ្ធទ្រង់ទ្រាយធំតាមផ្លូវគោកវិញម្តង។ យ៉ាងណា មេដឹកនាំរដ្ឋធានីតេហេរ៉ង បានប្រកាសស្វាគមន៍ និងត្រៀមកងទ័ពជើងគោក១លាននាក់ទទួល...។

សមរភូមិវាទីកាន់តែក្ដៅ! ក្ដៅក៏ព្រោះតែសហរដ្ឋអាម៉េរិកបង្ហើបពីគម្រោងបញ្ជូនកងទ័ពជើងគោក១ម៉ឺននាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយកាសែត Wall Street Journal។ នៅក្នុងភាសានយោបាយ ចំណាត់ការនេះ មិនគ្រាន់តែជាការត្រៀមវាយលុកតាមជើងគោកប៉ុណ្ណោះទេ ប៉ុន្តែវាជាការបញ្ជូនសារដ៏ព្រឺព្រួចរបស់ លោក ដូណាល់ ត្រាំ ដើម្បីសង្កត់-ករបបតេហេរ៉ង់ ក្រោយចៅហ្វាយសេតវិមានរូបនេះ ចង់ឱ្យអ៊ីរ៉ងចូលនឹមកិច្ចចរចាតាមការចង់បានរបស់ខ្លួន ដែលបានតាក់តែងឡើងដោយឯកតោភាគី។ ម្យ៉ាងវិញទៀត ការបន្ថែមទ័ពជើងគោកមានន័យថា សហរដ្ឋអាម៉េរិកមិនចង់បាញ់ដកៗ ដូចសង្គ្រាមតាមជើងទឹក និងដែនអាកាសនោះឡើយ ប៉ុន្តែផ្ទុយមកវិញអាម៉េរិកចង់គ្រប់គ្រងស្ថានការណ៍ផ្ទាល់ដី ដើម្បីផ្លាស់ប្ដូររបបអ៊ីរ៉ង់ ពោលគឺសហរដ្ឋអាម៉េរិកចង់ប្រើរូបមន្តផ្ដួលរំលំរបប សាដាម ហ៊ូសសេន របស់អ៊ីរ៉ាក់ ជាសមីការនៅអ៊ីរ៉ង់វិញម្ដង។

ថ្វីបើយ៉ាងនេះក្ដី «អ៊ីរ៉ង់ មិនមែនជាអ៊ីរ៉ាក់ទី២ទេ!» នៅត្រើយម្ខាង អ៊ីរ៉ង់មិនបានបង្ហាញសញ្ញាតក់ស្លុតណាមួយឡើយ ទោះសហរដ្ឋអាម៉េរិកគ្រោងញ្ជូនទ័ពជើងគោក១ម៉ឺននាក់ មកកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយ ជាក់ស្តែង ភ្នាក់ងារសារព័ត៌មានតាស់នីម (Tasnim) បានទម្លាយថា អ្នកប្រយុទ្ធអ៊ីរ៉ង់ជាង១លាននាក់ត្រូវបានដាក់ពង្រាយ និងត្រៀមលក្ខណៈប្រយុទ្ធរួចរាល់ សម្រាប់ធ្វើសង្គ្រាមជើងគោកជាមួយសម្ព័ន្ធមិត្តស៊ីយូនីស្ត។ ការមិនញញើតតក់ស្លុតបែបនេះ ទំនងជាអ៊ីរ៉ង់ចង់ប្រាប់សហរដ្ឋអាម៉េរិកថា«អ្នកអាចទម្លាក់គ្រាប់បែកពីលើមេឃបាន ប៉ុន្តែបើអ្នកហ៊ានឈានជើងចូលដីរបស់យើង នោះអ្នកនឹងគ្មានថ្ងៃវិលទៅស្រុកវិញឡើយ»។ សូមជម្រាបថា ប្រសិនបើសង្គ្រាមជើងគោកផ្ទុះឡើងមែន នោះវានឹងក្លាយជាសោកនាដកម្មដែលពិភពលោកមិនធ្លាប់ឃើញក្នុងសតវត្សរ៍ទី២១។ សហរដ្ឋអាម៉េរិកមានប្រៀបខ្លាំងណាស់លើបច្ចេកវិទ្យាយោធា និងអាវុធទំនើបៗ ប៉ុន្តែអ៊ីរ៉ង់ក៏មានប្រៀបដែរ ពោលគឺមានប្រៀបលើទីតាំងភូមិសាស្ត្រ និងស្មារតីក្លាហានប្រយុទ្ធស្លាប់រស់ដើម្បីការពាររបប និងទឹកដី។

បើសិនជាប្រទេសទាំង២ លើកទ័ពច្បាំងគ្នាឈុតធំតាមជើងគោក នឹងមិនត្រឹមតែបំផ្លាញភាគីទាំងសងខាងទេ ប៉ុន្តែវានឹងធ្វើឱ្យតម្លៃថាមពលសកលដួលរលំ វិបត្តិប្រេងពិភពលោកកាន់តែរ៉ាំរ៉ៃ និងបង្កជាវិបត្តិជនភៀសខ្លួន ដែលមិនអាចគ្រប់គ្រងបាន។ សូមជម្រាបត្រួសៗថា ការដែលលោក ត្រាំ ពិចារណាបញ្ជូនទ័ពជើងគោក១ម៉ឺននាក់ទៅមជ្ឈិមបូព៌ា ស្របពេលអ៊ីរ៉ង់ត្រៀមអ្នកប្រយុទ្ធ១លាននាក់ ធ្វើឱ្យគេនឹកឃើញដល់សេណារីយ៉ូសង្គ្រាមកាលពីឆ្នាំ២០០៣ នៅប្រទេសអ៊ីរ៉ាក់។ ស្រដៀងនឹងអ៊ីរ៉ង់ដែរ កាលពីឆ្នាំ២០០៣ សហរដ្ឋអាម៉េរិកបានបញ្ជូនទ័ពជើងគោកចូលអ៊ីរ៉ាក់ ក្រោមលេសកម្ទេចអាវុធមហាប្រល័យ ប៉ុន្តែពេលនោះរកមិនឃើញទាល់តែសោះ។ ទោះបីជាពេលនោះ សហរដ្ឋអាម៉េរិកអាចផ្ដួលរំលំរបប សាដាម ហ៊ូសសេន បានក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិក ក៏បានរអិលជើងធ្លាក់ផុងក្នុងភក់នៃល្បាប់សង្គ្រាមអស់រយៈពេលជិត ២ទសវត្សរ៍ ធ្វើបាត់បង់ជីវិតកងទ័ពជាច្រើននាក់ និងចំណាយប្រាក់រាប់ពាន់ពាន់លានដុល្លារ។

យ៉ាងណា យោធាអ៊ីរ៉ង់រឹងជាងអ៊ីរ៉ាក់ឆ្ងាយណាស់ ព្រោះថា អ៊ីរ៉ង់មានផ្ទៃដីធំជាងអ៊ីរ៉ាក់ជិត៤ដង, មានទីតាំងភូមិសាស្ត្រជួរភ្នំស្មុគស្មាញ, និងមានកម្លាំងយោធាច្រើន ដែលត្រូវបានបណ្ដុះបណ្ដាលក្រោមមនោគមវិជ្ជាតស៊ូយ៉ាងមុតមាំ ដោយមិនខ្លាចស្លាប់។ ទន្ទឹមនេះ អ៊ីរ៉ង់មានតំណែងជាមហាសង្គ្រាមក្នុងតំបន់ ហើយជាម្ចាស់ស្រុកថែមទៀត។ ដូច្នេះ វាមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ សម្រាប់សហរដ្ឋអាម៉េរិក ដើម្បីកាច់បំបាក់ធ្មុងអ៊ីរ៉ង់។ ពិភពលោកអង្គុយបត់ជើង ដកដង្ហើមធំ រង់ចាំមើលយ៉ាងអន្ទះសាថា តើសមរភូមិដីគោកឈុតធំរវាងសម្ព័ន្ធមិត្តស៊ីយូនីស្ត និងអ៊ីរ៉ង់ អាចនឹងផ្ទុះឡើងដែរឬទេ..? ទន្ទឹមនឹងការបាត់អាយុជីវិតកងទ័ព និងការខាតលុយរាប់ពាន់ពាន់ដុល្លារនៅអ៊ីរ៉ាក់ គឺជាមេរៀនដ៏ជូរចត់រួចទៅហើយសម្រាប់មេដឹកនាំអាម៉េរិក។ តើមជ្ឈិមបូព៌ានឹងធ្វើដំណើរទៅរក«តុចរចាសន្តិភាព» ឬក៏ធ្លាក់ចូលក្នុង «ការបង្ហូរឈាមនៃវាលពិឃាត»? សំនួរនេះ មានតែសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទេ ដែលអាចឆ្លើយបាន៕



