តើប្រទេសណាខ្លះ មានទុនបម្រុងប្រេងយុទ្ធសាស្ត្រច្រើនជាងគេបំផុតនៅក្នុងពិភពលោក?
ហៀប ស៊ីថេត
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយអ៊ីរ៉ង់បើកយុទ្ធនាការបិទដង្ហើមប្រេងនៅច្រកសមុទ្ទហ័រមូស្ស បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង និងហ្កាស២០ភាគរយរបស់ពិភពលោកទាំងមូល ដែលនាំឱ្យតម្លៃប្រេងឆៅហក់ឡើងដល់ជាង១០០ដុល្លារក្នុង១បារ៉ែល។ យ៉ាងណា ក្នុងភាពអាសន្នបែបនេះ សមាជិកប្រទេសទាំង៣២ នៃភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមព្រៀងគ្នាបញ្ចេញប្រេងចំនួន៤០០លានបារ៉ែលពីទុនបម្រុងយុទ្ធសាស្ត្រ ដែលជាការបញ្ចេញដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកល។

តើអ្វីទៅជាទុនបម្រុងប្រេងយុទ្ធសាស្ត្រ (ឬ SPR) ? វា គឺជាបរិមាណប្រេងឆៅដែលរដ្ឋាភិបាលរក្សាទុកក្នុងឃ្លាំងដើម្បីប្រើប្រាស់ក្នុងករណីអាសន្ន ដូចជាពេលមានសង្គ្រាម ឬវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ តើប្រទេសណាខ្លះមានទុនបម្រុងប្រេងយុទ្ធសាស្ត្រធំជាងគេនៅលើលោក? ការពិតមិនអាចប្រកែកបាន គឺប្រទេសចិន មហាយក្សមួយនេះ មានប្រេងប្រហែល១,១៣ពាន់លានបារ៉ែល គិតត្រឹមចុងឆ្នាំ២០២៥។ យ៉ាងណា ចិនមិនមែនជាសមាជិក IEA នោះទេ ប៉ុន្តែបានទិញប្រេងពីអ៊ីរ៉ង់ជាង៨០ភាគរយក្នុងឆ្នាំ២០២៥។ ដោយសារសង្គ្រាមផ្ទុះឡើង ចិនក៏ឈប់បញ្ជាទិញប្រេងពីអ៊ីរ៉ង់ ហើយងាកទៅប្រេងរុស្ស៊ីដែលជាប់គាំងជំនួសវិញ រួមទាំងស្នើសុំប្រើប្រាស់ប្រេងបម្រុងទាំងនោះ។

បន្ទាប់ពីចិន គឺសហរដ្ឋអាម៉េរិក ដែលមានប្រេងបម្រុងសរុប៤១៥លានបារ៉ែល ប៉ុន្តែរដ្ឋបាលរបស់លោក ត្រាំ នឹងបញ្ចេញ១៧២លានបារ៉ែលក្នុងឆ្នាំនេះ ដើម្បីចូលរួមជាមួយ IEA ដោះស្រាយវិបត្តិថាមពល។ លំដាប់ទី៣ គឺជប៉ុន ដែលមានប្រេងបម្រុងយុទ្ធសាស្ត្រប្រហែល៤៧០លានបារ៉ែល ដែលគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងស្រុកបាន ២៥៤​ថ្ងៃ។ ទន្ទឹមគ្នានេះ ជប៉ុនបានប្រកាសបញ្ចេញប្រេងបម្រុងចំនួន៨០លានបារ៉ែល តែម្នាក់ឯងក្នុងនាមជាសមាជិក IEA ដើម្បីដោះស្រាយកង្វះខាតថាមពលសកល ដែលបង្កឡើងដោយការបិទច្រកសមុទ្ទហ័រមូស្ស។  

ក្រៅពីនេះ ចក្រភពអង់គ្លេស មានប្រេងឆៅបម្រុង៣៨លានបារ៉ែល និងផលិតផលសម្រេច៣០លានបារ៉ែល ដែលអាចប្រើបានប្រហែល៩០ថ្ងៃ។ ចក្រភពអង់គ្លេសនឹងរួមចំណែកចំនួន១៣,៥លានបារ៉ែលទៅក្នុងផែនការរបស់ IEA។ ដោយឡែក សម្រាប់បណ្តាប្រទេសសហភាពអឺរ៉ុប រួមមាន៖ អាល្លឺម៉ង់ មានប្រេងឆៅបម្រុងយុទ្ធសាស្ត្រ ១១០លានបារ៉ែល និងផលិតផលសម្រេច៦៧លានបារ៉ែល​, បារាំង មានប្រហែល ១២០លានបារ៉ែលអេស្ប៉ាញ មាន១៥០លានបារ៉ែល ហើយយល់ព្រមបញ្ចេញ ១១,៥លានបារ៉ែលក្រោមផែនការ IEA, ចំណែកឯ អ៊ីតាលី មានទុនបម្រុងប្រេងប្រហែល៧៦លានបារ៉ែល។ គួរបញ្ជាក់ថា បើទោះបីជាមានទុនបម្រុងរាប់ពាន់លានបារ៉ែលក៏ដោយ ប៉ុន្តែប្រសិនបើសង្គ្រាមនៅអ៊ីរ៉ង់អូសបន្លាយលើសពីកន្លះឆ្នាំ នោះ ពិភពលោកនឹងប្រឈមមុខនឹងវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត