
រដ្ឋធានីម៉ូស្គូ៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ត្រូវបានរាយការណ៍ថា បាននិងកំពុងស្នើឱ្យក្រុមមហាសេដ្ឋីក្នុងប្រទេស ចូលរួមបរិច្ចាគថវិកាទៅក្នុងកញ្ចប់ថវិកាការពារជាតិដែលកំពុងថយចុះ ដើម្បីបន្តប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមកាសែត Financial Times លោក ពូទីន មានបំណងបន្តសង្រ្គាមនេះ រហូតទាល់តែរដ្ឋធានីម៉ូស្គូអាចគ្រប់គ្រងតំបន់ដុនបាសទាំងស្រុង ខណៈមានអ្នកជំនួញយ៉ាងហោចណាស់ពីររូប បានបង្ហាញការយល់ព្រមក្នុងការផ្ដល់វិភាគទានដល់កងទ័ព បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយមេដឹកនាំវិមានក្រឹមឡាំង។ ការបង្កើនសម្ពាធលើវិស័យឯកជននេះ កើតឡើងស្របពេលរុស្ស៊ីកំពុងជួបវិបត្តិថវិកាយ៉ាងធ្ងន់ធ្ងរ ដោយសារតែការចំណាយលើវិស័យការពារជាតិ បានហក់ឡើងដល់៤២ភាគរយ (ប្រហែល១៥១ពាន់លានដុល្លារ) កាលពីឆ្នាំមុន។ កង្វះខាតថវិកាជាតិក្នុងរយៈពេលត្រឹមពីរខែដំបូងនៃឆ្នាំនេះ បានហក់ឡើងដល់ជាង៩០ភាគរយនៃតួលេខដែលបានគ្រោងទុកសម្រាប់ពេញមួយឆ្នាំ ដោយសារទណ្ឌកម្មរបស់អាម៉េរិកបង្ខំឱ្យរុស្ស៊ីលក់ប្រេងក្នុងតម្លៃថោកៗ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលរុស្ស៊ីបានដំឡើងពន្ធអាករដល់២២ភាគរយ និងកំពុងពិចារណាដាក់ពន្ធលើប្រាក់ចំណេញបន្ថែមលើក្រុមហ៊ុនធំៗ ប្រសិនបើតម្លៃប្រាក់រូប (Rouble) នៅតែបន្តធ្លាក់ថ្លៃ។

ទោះបីជាស្ថានភាពសេដ្ឋកិច្ចតានតឹង ប៉ុន្តែលោក ពូទីន បានព្រមានក្រុមហ៊ុន និងរដ្ឋាភិបាលឱ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការចំណាយប្រាក់ចំណេញដែលទទួលបានពីការឡើងថ្លៃប្រេង ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោកបានសង្កត់ធ្ងន់ថា ទីផ្សារអាចនឹងប្រែប្រួលគ្រប់ពេល ដូច្នេះ ការរក្សាជំហរសន្សំសំចៃ គឺជារឿងចាំបាច់បំផុត។ ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បញ្ជាក់ថា រុស្ស៊ីនៅតែមានចំណាប់អារម្មណ៍លើការចរចាសន្តិភាព ប៉ុន្តែបញ្ហាសំខាន់ៗ ជាពិសេសរឿងដែនដី នៅមិនទាន់អាចដោះស្រាយបាននៅឡើយ។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បង្ហាញការព្រួយបារម្ភថា សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ត្រាំ កំពុងដាក់សម្ពាធឱ្យអ៊ុយក្រែនបោះបង់តំបន់ដុនបាសទាំងមូលទៅឱ្យរុស្ស៊ី ជាថ្នូរនឹងការធានាសន្តិសុខ។

លោក ហ្សេឡេនស្គី បានលើកឡើងថា វិបត្តិនៅមជ្ឈិមបូព៌ាពិតជាមានឥទ្ធិពលលើការសម្រេចចិត្តរបស់លោក ត្រាំ ហើយលោកទទូចឱ្យភាគីអាម៉េរិកយល់ថា តំបន់ភាគខាងកើត គឺជាផ្នែកមួយមិនអាចខ្វះបាននៃសន្តិសុខជាតិរបស់អ៊ុយក្រែន៕



