
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលនៃឱសានវាទវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ រហូតដល់ថ្ងៃទី៦ ខែមេសាខាងមុខ។ លោកអះអាងថា នេះគឺជាការធ្វើឡើងតាមសំណើរបស់រដ្ឋធានីតេហេរ៉ង់ ខណៈការចរចាកំពុងមានវឌ្ឍនភាពល្អ...។

តាមរយៈការបង្ហោះលើបណ្ដាញសង្គម Truth Social លោក ត្រាំ បញ្ជាក់ថា ទោះបីជាមានព័ត៌មានមិនពិតពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក៏ដោយ ប៉ុន្តែការពិភាក្សាពិតជាកំពុងដំណើរការទៅមុខយ៉ាងរលូន។ លោកសរសេរថា៖«តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ខ្ញុំសូមប្រកាសផ្អាកការកម្ទេចរោងចក្រថាមពលរយៈពេល១០ថ្ងៃទៀត រហូតដល់ថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៨យប់ (ម៉ោងនៅអាម៉េរិក)»។ ការប្រកាសផ្អាកពីការបំផ្លិចបំផ្លាញរោងចក្រអគ្គិសនីរយៈពេល១០ថ្ងៃបន្ថែមទៀតនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រផ្ដល់ឱកាសឱ្យវិស័យការទូតធ្វើការ បន្ទាប់ពីលោក ត្រាំ ធ្លាប់បានដាក់ឱសានវាទយ៉ាងតឹងរ៉ឹងឱ្យអ៊ីរ៉ង់ បើកច្រកសមុទ្ទហ័រមូស្សកាលពីសប្តាហ៍មុន។

ស្របពេលជាមួយគ្នា លោក ស្ទីវ វីតខូហ្វ (Steve Witkoff) បេសកជនពិសេសរបស់សេតវិមាន បានបញ្ជាក់ជាសាធារណៈជាលើកដំបូងថា រដ្ឋធានីវ៉ាស៊ីនតោនពិតជាបានបញ្ជូនផែនការសកម្មភាពចំនួន១៥ចំណុចទៅកាន់អ៊ីរ៉ង់ តាមរយៈមន្ត្រីការទូតប៉ាគីស្ថានពិតមែន ដើម្បីស្វែងរកចំណុចរបត់មួយអាចបញ្ចៀសការស្លាប់ និងការបំផ្លិចបំផ្លាញបន្ថែមទៀត។ ភាគីខាងអ៊ីរ៉ង់វិញ តាមរយៈទីភ្នាក់ងារសារព័ត៌មាន Tasnim បានទទួលស្គាល់ថា ខ្លួនបានផ្ញើការឆ្លើយតបជាផ្លូវការលើសំណើទាំងនោះរួចរាល់ហើយតាមរយៈអន្តរការី ប៉ុន្តែលក្ខខណ្ឌតបតរបស់រដ្ឋធានីតេហេរ៉ង់ ហាក់មានភាពតឹងរ៉ឹងខ្លាំង ដោយទាមទារឱ្យសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើក្រុមប្រដាប់អាវុធដែលខ្លួនគាំទ្រដូចជា ក្រុមហេសបូឡាហ៍ ព្រមទាំងទាមទារការបង់ប្រាក់សំណងសង្គ្រាម និងការគោរពអធិបតេយ្យភាពពេញលេញ លើច្រកសមុទ្ទហ័រមូស្សផងដែរ៕



