
ហាណូយ៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងលោក ម៉ៃ វ៉ាន់ជីញ (Mai Van Chinh) ឧបនាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពគ្នា ប្តេជ្ញាជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការសាសនា ឆ្នាំ២០២៦-២០៣០ ឱ្យកាន់តែមានប្រសិទ្ធភាព។

ការឯកភាពគ្នា ធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាស លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ហើយចូលជូបសម្ដែងការគួរសមជាមួយ លោក ម៉ៃ វ៉ាន់ជីញ (Mai Van Chinh)។ ក្នុងជំនួប ភាគីទាំងពីរបានប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ជាពិសេសក្នុងវេទិកាអាស៊ាន។ លោក ម៉ៃ វ៉ាន់ជីញ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ដែលជាសក្ខីភាពនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទាំងពីរ សម្រាប់ឆ្នាំ២០២៦-២០៣០។ លោកគូសបញ្ជាក់ថា៖«កិច្ចសហការនេះ មិនត្រឹមតែលើកកម្ពស់កិច្ចការសាសនា និងជនជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងមិត្តភាព អ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ»។

លោក ក៏បានឱ្យដឹងពីសារសំខាន់នៃការចែករំលែកបទពិសោធលើការគ្រប់គ្រងសាសនា និងការទប់ស្កាត់រាល់ឧបាយកលរបស់កម្លាំងអរិភាព ដែលព្យាយាមកេងប្រវ័ញ្ចបញ្ហាសាសនា និងជនជាតិ ដើម្បីបំបែកបំបាក់សាមគ្គីភាពនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាកម្ពុជា សង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យសាសនា និងជនជាតិដើមភាគតិចឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕



