
ក្រុងដូនកែវ៖ ឧក្រិដ្ឋជនជួញដូរ និងចែកចាយគ្រឿងញៀនចំនួន៦នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ព័ទ្ធចាប់ក្រោយលួចសង្ងំរត់ពន្ធថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ស្ថិតនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ និងនៅរាជធានីភ្នំពេញ...។

របាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះបញ្ជាក់ថា ក្រោមកិច្ចសហការពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ និងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់កម្លាំងជំនាញពន្លៀតដែនសមត្ថកិច្ច នៃការអង្កេតស្រាវជ្រាវ រហូតឈានដល់ការក្រសោបបានអ្នកពាក់ព័ន្ធជាបន្តបន្ទាប់សរុបចំនួន៦នាក់ រួមមាន៖ ១-ឈ្មោះ ផាត់ យ៉េង, ២-ឈ្មោះ សុខ លីដា, ៣-ឈ្មោះ សំ រដ្ឋា, ៤-ឈ្មោះ ជីម ចាន់ថន, ៥-ឈ្មោះ ម៉ៅ វិចិត្រ, និង៦-ឈ្មោះ អ៊ំ សុភា។

ជាមួយគ្នានោះ អាជ្ញាធរជំនាញបានបន្តដកហូតវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទសរុបជិត១៦គីឡូក្រាម ខណៈរថយន្ត និងម៉ូតូចំនួន៣គ្រឿងទៀត ក៏ត្រូវបានសមត្ថកិច្ចរឹបអូសផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធីជាធរមាន៕










