
រាជធានីភ្នំពេញ៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៥ បន្តមានវឌ្ឍនភាព និងរក្សាបានភាពធន់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៦នេះ ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាជួបហានិភ័យ ព្រោះតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច ធនាគារជាតិកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បន្ទាប់ពីបើកកិច្ចប្រជុំរួមគ្នាកាលពីថ្ងៃទី២៥មីនា ហើយទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃ២៧មីនា។

ក្រសួងសេដ្ឋកិច្ច ធនាគារជាតិកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានពិនិត្យ និងពិភាក្សាពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៥ ផ្តោតលើវឌ្ឍនភាព ការវាយតម្លៃលើហានិភ័យ និងកាលានុវត្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា។ តាមរយៈរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ បង្ហាញថា នៅក្នុងឆ្នាំ២០២៥ ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាបន្តមានវឌ្ឍនភាព និងរក្សាបានភាពធន់ ទោះបីជាប្រឈមនឹងហានិភ័យជាបន្តបន្ទាប់ ជាពិសេស ផលវិបាកដែលនៅសេសសល់ពីវិបត្តិកូវីដ-១៩ ភាពមិនច្បាស់លាស់នៃការអនុវត្តពន្ធបដិការ ជម្លោះព្រំដែនបង្កឡើងដោយថៃ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល។

យ៉ាងណាក៏ដោយ អង្គប្រជុំបានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៦ ពិភពលោក និងតំបន់ ដោយមានកម្ពុជាផង កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា ដែលអាចបង្កជាវិបត្តិថាមពល និងបង្កជាហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា បន្ថែមលើបញ្ហាប្រឈមដែលមានស្រាប់។ ក្នុងស្ថានភាពនេះ ក្រសួងសេដ្ឋកិច្ច ធនាគារជាតិកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានប្ដេជ្ញាបន្តកិច្ចសហការពង្រឹងការតាមដាន វាយតម្លៃហានិភ័យ និងដាក់ចេញគោលនយោបាយ ព្រមទាំងវិធានការឆ្លើយតបឱ្យបានទាន់សភាពការណ៍ប្រកបដោយបុរេសកម្ម ប្រសិទ្ធភាព និងប្រទាក់ក្រឡា សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុកម្ពុជាឱ្យបានរឹងមាំ។

ក្រសួងសេដ្ឋកិច្ច ធនាគារជាតិកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអះអាងដូចគ្នាថា ការរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ ពិតមានសារសំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងធានាបាននូវជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធហិរញ្ញវត្ថុ ដែលជាលក្ខខណ្ឌកំណត់ក្នុងការគាំទ្រការវិនិយោគនិង ការអភិវឌ្ឍប្រកបដោយចីរភាព៕




