
រដ្ឋធានីណៃពិដោ៖ មេដឹកនាំរបបសឹកភូមា ឬមីយ៉ាន់ម៉ា បានប្រកាសដាក់ចេញនូវប្រព័ន្ធបែងចែកកូតាប្រេងឥន្ធនៈយ៉ាងតឹងរ៉ឹង សម្រាប់យានយន្តឯកជននៅថ្ងៃពុធទី៤ ខែមីនា ដោយសារភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកល បង្កឡើងដោយជម្លោះកាន់តែស្រួចស្រាវនៅតំបន់មជ្ឈិមបូព៌ា...។

ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិរបស់ប្រទេសភូមា (NDSC) បញ្ជាក់ថា បទបញ្ជាថ្មីដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ គឺជាការឆ្លើយតបទៅនឹងស្ថានភាពនយោបាយសកល និងជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា ដែលបានរារាំងដល់ការដឹកជញ្ជូនប្រេងតាមកប៉ាល់។ យោងតាមសេចក្តីប្រកាស៖យានយន្តដែលមានស្លាកលេខបញ្ចប់ដោយលេខគូ នឹងត្រូវបានអនុញ្ញាតឱ្យបើកបរនៅថ្ងៃដែលមានកាលបរិច្ឆេទលេខគូ, យានយន្តដែលមានស្លាកលេខបញ្ចប់ដោយលេខសេស នឹងត្រូវអនុញ្ញាតឱ្យបើកបរតែនៅថ្ងៃដែលមានកាលបរិច្ឆេទលេខសេស, សម្រាប់យានយន្តអគ្គិសនី (ឬ EV) និងម៉ូតូ មិនស្ថិតក្រោមការរឹតត្បិតនេះទេ។ លើសពីនេះ NDSC បានព្រមានដល់អាជីវកម្ម និងបុគ្គលទាំងឡាយ កុំឱ្យស្តុកទុកប្រេងឥន្ធនៈ ដើម្បីលក់បន្តក្នុងតម្លៃខ្ពស់ហួសហេតុ ប្រសិនបើល្មើសនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំពោះផ្លូវច្បាប់។

សូមជម្រាបថា ថ្លៃដឹកជញ្ជូនសកលបានហក់ឡើងខ្ពស់ ចំពេលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការបិទច្រកសមុទ្ទហ័រមូស្ស ដោយបានបង្កការរំខានដល់នាវាដឹកប្រេង ដែលធ្វើដំណើរមកកាន់កំពង់ផែក្នុងតំបន់អាស៊ី។ មីយ៉ាន់ម៉ាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងចម្រាញ់ពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ជាមជ្ឈមណ្ឌលកែច្នៃប្រេងឆៅពីមជ្ឈិមបូព៌ា។ ទោះបីជាមានការផ្គត់ផ្គង់បន្ទាប់បន្សំពីប្រទេសរុស្ស៊ី និងប្រទេសសៀមក៏ដោយ ក៏វិបត្តិនៅមជ្ឈិមបូព៌ា បានបង្កឱ្យមានការខ្វះខាតរួចទៅហើយ។ គួរបញ្ជាក់ថា វិបត្តិនៅមជ្ឈិមបូព៌ា មិនត្រឹមតែប៉ះពាល់ដល់ការផ្គត់ប្រេងនៅភូមានោះទេ ប៉ុន្តែប៉ះពាល់ដល់ពិភពលោកទាំងមូល ជាពិសេសទ្វីបអាស៊ី ដោយក្នុងនោះក៏មានកម្ពុជាផងដែរ៕





