មីយ៉ាន់ម៉ា ទុកពេល៧ថ្ងៃឱ្យប្រមុខទូតទីម័រខាងកើតវេចបង្វិចចេញ ជុំវិញរឿងអាស្រូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញបញ្ជាឱ្យប្រមុខបេសកកម្មការទូតរបស់ប្រទេសទីម័រខាងកើត ចាកចេញពីប្រទេសរបស់ខ្លួនក្នុងរយៈពេល៧ថ្ងៃ។ ចំណាត់ការដ៏ក្ដៅគគុកនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈនេះ បន្ទាប់ពីមានជម្លោះការទូតកាន់តែខ្លាំង ជុំវិញករណីទីម័រខាងកើត ទទួលយកបណ្ដឹងព្រហ្មទណ្ឌពីក្រុមសិទ្ធិមនុស្ស ដែលចោទប្រកាន់កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ពីបទឧក្រិដ្ឋកម្មសង្គ្រាម...។

ដើមចមនៃជម្លោះនេះ បានចាប់ផ្ដើមកាលពីខែមុន នៅពេលដែលអង្គការសិទ្ធិមនុស្សរដ្ឋឈិន (CHRO) ដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួងយុត្តិធម៌នៃប្រទេសទីម័រខាងកើត ដោយចោទប្រកាន់ថា របបយោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក។ អ្វីដែលធ្វើឱ្យរបបយោធាមីយ៉ាន់ម៉ា កាន់តែខឹងសម្បារនោះ គឺកាលពីខែមករា មន្ត្រីអង្គការ CHRO ក៏បានជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស-ហរតា (Jose Ramos-Horta) ដែលជាមេដឹកនាំម្នាក់d*មានឥទ្ធិពលក្នុងការនាំយកប្រទេសកាតូលិកដ៏តូចមួយនេះ ចូលជាសមាជិកអាស៊ាន។

ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍តាមរយៈសារព័ត៌មានរដ្ឋថា ការដែលប្រមុខរដ្ឋនៃសមាជិកអាស៊ានមួយរូប ទៅមានទំនាក់ទំនងជាមួយអង្គការខុសច្បាប់ ដែលប្រឆាំងនឹងរដ្ឋសមាជិកអាស៊ានម្នាក់ទៀត គឺជាទង្វើដែលមិនអាចទទួលយកបានដាច់ខាត។ អាជ្ញាធរយោធាមីយ៉ាន់ម៉ា ក៏បានរិះគន់ផងដែរចំពោះការសម្រេចចិត្តរបស់តុលាការទីម័រខាងកើត ក្នុងការបើកការស៊ើបអង្កេត និងតែងតាំងព្រះរាជអាជ្ញាដើម្បីពិនិត្យសំណុំរឿងប្រឆាំងនឹង លោក មីន អ៊ុងឡាំង ដោយចាត់ទុកថា ជាការបង្កើតគំរូអាក្រក់ និងធ្វើឱ្យជម្លោះកាន់តែរីកធំ។

អង្គការ CHRO បានបញ្ជាក់ថា ពួកគេជ្រើសរើសប្តឹងនៅទីម័រខាងកើត ព្រោះជាប្រទេសសមាជិកអាស៊ាន ដែលមានប្រព័ន្ធតុលាការឯករាជ្យ និងមានការយល់ចិត្តចំពោះការឈឺចាប់របស់ប្រជាជននៃរដ្ឋឈិន ដែលភាគច្រើនជាគ្រីស្ទបរិស័ទ។ វិបត្តិការទូតនេះ កើតឡើងចំពេលដែលយោធាមីយ៉ាន់ម៉ាកំពុងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីអន្តរជាតិ ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាការចោទប្រកាន់មួយ ដែលមីយ៉ាន់ម៉ាតែងតែបដិសេធជានិច្ច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត