
រាជធានីភ្នំពេញ៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា ណែនាំគ្រប់គ្រូពេទ្យទាំងអស់ពិនិត្យឱសថ ឬបរិក្ខារពេទ្យ ត្រៀមសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា...។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនានានៃក្រសួងសុខាភិបាល លោក ឈាង រ៉ា បានអំពាវនាវឱ្យគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនឱ្យបានល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងកំលុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ និងពិនិត្យឱសថ បរិក្ខារពេទ្យ ធានាឱ្យមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់នៅតាមមូលដ្ឋាន។ លោកគូសបញ្ជាក់ថា៖«ឃ្លាំងឱសថកណ្តាល ត្រូវរៀបចំផែនការបែងចែកឱសថ ទៅតាមមូលដ្ឋានឱ្យបានសមស្រប និងឆាប់រហ័ស ទៅតាមចំនួនប្រជាជននៅក្នុងតំបន់»។

ទន្ទឹមនោះ លោកក៏បានណែនាំមន្ទីរសុខាភិបាល និងមូលដ្ឋានសុខាភិបាល នៅតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាពជូនប្រជាជន និងវីរកងទ័ព នៅតាមមូលដ្ឋានរៀងៗខ្លួន ហើយគ្រប់មូលដ្ឋានសុខាភិបាល និងឯកជន ក៏ត្រូវពង្រឹងការប្រើប្រាស់រថយន្តគិលានសង្រ្គោះ ដោយត្រូវដឹងពីកាតព្វកិច្ចគោលការណ៍ ក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ លើសពីនេះ លោកក៏បានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តយកចិត្តទុកដាក់លើការងារទំនាក់ទំនងជាមួយអ្នកជំងឺ ដោយប្រើពាក្យសម្ពី និងកាយវិការសមរម្យ និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយសុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនភាពជិតស្និទ្ធ។ គួរជម្រាបផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៦៕




