
រាជធានីភ្នំពេញ៖ លោក ចិន មីងយូរ ប្រធានក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. មានគោលបំណងបង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ១លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិន...។

ការបង្ហាញគោលបំណងនេះ ក្នុងឱកាសលោកអញ្ជើញជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនា ឆ្នាំ២០២៦។ ក្រៅពីបង្កើនការទិញ លោក ចិន មីងយូរ ក៏បានគូសបញ្ជាក់ពីគោលបំណងយុទ្ធសាស្ត្រពីរបន្ថែមទៀតដូចជា ការផ្ទេរចំណេះដឹងតាមរយៈពិនិត្យលទ្ធភាពសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ ជូនដល់ប្រជាកសិករខ្មែរ។ មួយវិញទៀត សិក្សាពីការបង្កើតរោងចក្រកែច្នៃបន្ថែមដោយផ្ទាល់នៅកម្ពុជា។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងជំរុញយ៉ាងមោះមុត លើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទ្បើងថា កម្ពុជាគឺជាតួអង្គយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន ដែលផ្តល់នូវភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន។ ជាមួយគ្នា លោកក៏បានផ្តល់អនុសាសន៍គន្លឹះ លើការជ្រើសរើសទីតាំងរោងចក្រ និងជម្រាបពីផែនការមេភស្តុភារកម្មប្រទាក់ក្រឡារបស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែរហ័ស និងកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យផលិតផលកម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារសកល។ សូមជម្រាបថា ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development គឺជាសហគ្រាសរដ្ឋឈានមុខ និងមានទ្រង់ទ្រាយធំមួយរបស់ចិន ក្នុងវិស័យកែច្នៃដំឡូងមី មានគុណភាពស្តង់ដារទទួលស្គាល់ ដោយសហរដ្ឋអាម៉េរិក៕




