
រដ្ឋធានីវ៉ាស៊ីងតោន៖ បដិមាសំរិទ្ធ «ព្រះវិស្ណុផ្ទំ» របស់កម្ពុជា ជាបដិមាដ៏ធំអស្ចារ្យជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងបង្ហាញខ្លួនបង្អួតភ្នែកអន្តរជាតិ ឱ្យបានស្វែងយល់ពីវត្ថុបុរាណខ្មែរ នៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក...។

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី២៦មីនា ឆ្នាំ២០២៦ ថា ការតាំងពិព័រណ៌ដ៏ពិសេសនេះ ធ្វើឡើងក្រោយសារមន្ទីរសិល្បៈអាស៊ីទទួលបានកម្ចី «បដិមាព្រះវិស្ណុ» ពីសារមន្ទីរជាតិនៃប្រទេសកម្ពុជា ខណៈថ្ងៃបើកពិព័រណ៌ក៏មានការចូលរួមពីព្រះសង្ឃខ្មែរ តំណាងរាជរដ្ឋាភិបាលកម្ពុជា លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្ថានទូតអាម៉េរិក បានប្រកាសប្រាប់ដល់ភ្ញៀវជាតិ អន្តរជាតិ ទូទាំងពិភពលោក ជាពិសេស អ្នកដែលកំពុងបង្ហាញវត្តមាននៅរដ្ឋធានីវ៉ាស៊ីងតោន កុំរំលងឱកាសដ៏កម្រក្នុងការចូលទៅទស្សនា បដិមាព្រះវិស្ណុ ជាសម្បត្តិដ៏អស្ចារ្យរបស់កម្ពុជា រហូតដល់ថ្ងៃទី៧កញ្ញាខាងមុខ។

សូមជម្រាបថា បដិមា «ព្រះវិស្ណុផ្ទំ» ត្រូវបានជីកកកាយឃើញ ទាំងមានការបាក់បែកនៅប្រាសាទមេបុណ្យខាងលិច។ មុនដាក់បង្ហាញក្នុងពិធីតាំងពិព័រណ៍ បដិមាព្រះវិស្ណុផ្ទុំ ត្រូវបានក្រសួងវប្បធម៌បញ្ជូនយកទៅអភិរក្ស ជួសជុល និងវិភាគស្រាវជ្រាវនៅប្រទេសបារាំង កាលពីកំលុងពាក់កណ្ដាលឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៥ បដិមាព្រះវិស្ណុផ្ទុំ របស់កម្ពុជា ក៏ធ្លាប់បង្ហាញខ្លួនក្នុងពិពរណ៌នៅសារមន្ទីរហ្គីមេ ប្រទេសបារាំង អស់រយៈពេលជាច្រើនខែផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ធ្លាប់មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា រមែងទុកវប្បធម៌ជាអទិភាពក្នុងវិស័យការទូត ជាការពង្រឹងអត្តសញ្ញាណជាតិ រួមទាំងជំរុញពីសក្តានុពលទេសចរណ៍កម្ពុជា។ កម្ពុជាមានមោទនភាពខ្ពស់បំផុតចំពោះស្នាដៃដូនតា បើទោះបីជាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ក៏នៅតែជាឯកអគ្គរាជទូតដ៏ធំធេងបំផុតនាំកម្ពុជា នៅលើឆាកអន្តរជាតិ៕






