
មជ្ឈិមបូព៌ា៖ ស្ថានភាពនៅតំបន់សមុទ្ទហ័រមូស្ស បានឈានដល់ចំណុចរបត់ដ៏តានតឹងបំផុត ខណៈរបបតេហេរ៉ង់ បង្ហើបថា ខ្លួនកំពុងពិចារណា និងថ្លឹងថ្លែង លើសំណើបញ្ចប់សង្គ្រាមរបស់លោក ត្រាំ ទោះដឹងថា មេដឹកនាំសហរដ្ឋអាម៉េរិកកំពុងដើរខ្សែលើ...។

ដូចសព្វមួយដង ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយជារឿយៗថា មេដឹកនាំអ៊ីរ៉ង់ កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក ហើយចង់បានកិច្ចព្រមព្រៀងសន្តិភាពយ៉ាងខ្លាំង ប៉ុន្តែនៅមានភាពភ័យខ្លាចបន្តិច។ សូមជម្រាបថា សំណើដែលសហរដ្ឋអាម៉េរិកបញ្ជូនទៅអ៊ីរ៉ង់ តាមរយៈប្រទេសប៉ាគីស្ថាន បានដាក់លក្ខខណ្ឌចងជើងរដ្ឋធានីតេហេរ៉ង់រួចទៅហើយ។ ជាចំណងចងជើងរដ្ឋធានីតេហេរ៉ង់ ព្រោះសំណើមួយនេះ បានកំណត់ឱ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់ និងដកចេញនូវស្តុកអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់, កំហិតកម្មវិធីមីស៊ីលបាលីស្ទីក, និងកាត់ផ្តាច់ការផ្ដល់ជំនួយដល់ក្រុមឧទ្ទាមជាដើម។

ក្រោយឃើញសហរដ្ឋអាម៉េរិក ដាក់លក្ខខណ្ឌបែបនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araqchi) បានចាក់បណ្តោយសហរដ្ឋអាម៉េរិកថា រដ្ឋធានីហេរ៉ង់ មានឆន្ទៈបញ្ចប់សង្គ្រាម ប៉ុន្តែលក្ខខណ្ឌខ្លួនត្រូវតែបានបំពេញ។ ជាក់ស្តែង អ៊ីរ៉ង់បានដាក់សម្ពាធទៅសហរដ្ឋអាម៉េរិកវិញ ថា រាល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ត្រូវតែរាប់បញ្ចូលប្រទេសលីបង់ ជាដាច់ខាត ទើបអាចឈានទៅរកការបញ្ចប់ជម្លោះបាន។ នេះមានន័យថា ទាំងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងប្រើសំណើបទឈប់បាញ់ ជារនាំងបង្ខាំងសេរីភាពនៃការសម្រេចទៅវិញទៅមក។

ត្រាំ ចង់ចងជើងអ៊ីរ៉ង់ តាមរយៈលក្ខខណ្ឌរំសាយអាវុធ និងកាត់ផ្តាច់សម្ព័ន្ធមិត្ត។ បើអ៊ីរ៉ង់ព្រម គឺស្មើនឹងការកាត់ដៃកាត់ជើងខ្លួនឯងនៅក្នុងតំបន់។ បើមិនព្រម សហរដ្ឋអាម៉េរិកមានលេសពេញដៃក្នុងការវាយកម្ទេចអ៊ីរ៉ង់ កាន់តែខ្លាំងថែមទៀត ក្រោមហេតុផលថា «អ៊ីរ៉ង់បដិសេធសន្តិភាព»។ ដូច្នេះ អ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាព«ចុះទឹកក្រពើ ឡើងលើខ្លា ងាកទៅណាក៏សុទ្ធតែគ្រោះថ្នាក់»។ ថ្វីបើយ៉ាងនេះក្ដី អ៊ីរ៉ង់ក៏បានចងជើងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលវិញ តាមរយៈលក្ខខណ្ឌបញ្ចូលលីបង់ក្នុងកិច្ចព្រមព្រៀងសន្តិភាព។ នេះគឺជាយុទ្ធសាស្ត្រមិនឱ្យសហរដ្ឋអាម៉េរិក កម្ទេចសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាក្រុមហេសបូឡាហ៍ ដែលជាដៃជើងដ៏សំខាន់របស់អ៊ីរ៉ង់។ អ្វីដែលសំខាន់នោះ អ៊ីរ៉ង់មិនចង់ឱ្យសហរដ្ឋអាម៉េរិក ដើរខ្សែលើខ្លួនខ្លាំងពេកនោះទេ។

មេបញ្ជាការកងទ័ពសហរដ្ឋអាម៉េរិក បានបង្ហាញទិន្នន័យជាក់ស្តែង ថា ឥទ្ធិពលយោធាអ៊ីរ៉ង់ ត្រូវបានចុះខ្សោយស្ទើរតែទាំងស្រុង ក្រោយយោធាសហរដ្ឋអាម៉េរិកវាយប្រហារលើគោលដៅជាង១០០០០កន្លែង បំផ្លាញ៩២ភាគរយនៃនាវាចម្បាំងធំៗរបស់អ៊ីរ៉ង់, កម្ទេចសមត្ថភាពដ្រូន និងមីស៊ីលជាង៩០ភាគរយ, និងបំផ្លាញ២ភាគ៣នៃរោងចក្រផលិតមីស៊ីល ដ្រូន និងកន្លែងជួសជុលនាវា។ ក្រោមផែនការបង្កើនប្រតិបត្តិការយោធាផង និងបំភ័យអ៊ីរ៉ងឱ្យទទួលយកសំណើបទឈប់បាញ់ផង បច្ចុប្បន្ន មន្ទីរបញ្ចកោណ ត្រៀមបញ្ជូនកងទ័ពឆ័ត្រយោងរាប់ពាន់នាក់ទៅកាន់តំបន់ឈូងសមុទ្ទ ដើម្បីបើកផ្លូវសម្រាប់ការវាយប្រហារលើដីគោកអ៊ីរ៉ង់ ពោលគឺមិនខុសពីប្រតិបត្តិការសេរីភាពអ៊ីរ៉ាក់របស់សហរដ្ឋអាម៉េរិក ដើម្បីកម្ទេចរបបដឹកនាំរបស់លោក សាដាម ហ៊ូសសេន (Saddam Hussein) នោះឡើយ៕



