
ក្រុងសិរីសោភ័ណ៖ ស្របពេលថៃកំពុងរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធនាគារARDB) បានអំពាវនាវដល់ពាណិជ្ជករ/ឈ្មួញ សូមជួយប្រមូលទិញដំឡូងមី និងពោតពីបងប្អូនកសិករជាបន្តទៀត ដោយ ARDB នឹងបន្តជួយគាំទ្រផ្នែកឥណទាន...។

លោកបណ្ឌិត កៅ ថាច បានចុះជួបសំណេះសំណាលជាមួយកសិករ ឈ្មួញ ជុំវិញបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម ដោយផ្តោតជាចម្បងលើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី-ពោត ជាមួយក្រុមកសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម ប្រមាណជាង១០០នាក់ មកពីបណ្តាខេត្តចំនួន៧រួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ប៉ៃលិន, ព្រះវិហារ, សៀមរាប, ត្បូងឃ្មុំ កាលពីថ្ងៃទី២៥មិថុនា ឆ្នាំ២០២៥។ ចំពោះមុខប្រជាកសិករ និងឈ្មួញ លោក កៅ ថាច បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះជីវភាពរបស់ពលរដ្ឋ និងបានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ជាបន្តបន្ទាប់សម្រាប់ប្រមូលទិញស្រូវ និងកសិផលមូយចំនួនផ្សេងទៀត ពីប្រជាកសិករនាពេលរដូវប្រមូលផលធំជារៀងរាល់ឆ្នាំ។

ពាក់ព័ន្ធនឹងដំណាំដំឡូងមី-ពោតនេះ ដើម្បីដោះស្រាយកង្វល់កង្វះទ្រព្យធានាបំណុលដោយបានប្រើប្រាស់ជាមួយគ្រឹះស្ថានធនាគារឯកជនអស់ហើយនោះ អគ្គនាយកធនាធារ ARDB បានផ្តល់ជម្រើសជាដំណោះស្រាយតាមរយៈយន្តការចំនួន២ ក្នុងនោះ ទី១.យន្តការកិច្ចសន្យាត្រីភាគីលើប្រតិបត្តិការទិញលក់ដំឡូងមី-ពោត (ឈ្មូញប្រមូលទិញ-ក្រុមហ៊ុននាំចេញ-ធនាគារ ARDB) ហើយរំហូរសាច់ប្រាក់ទូទាត់លើការប្រមូលទិញដំឡូងមី-ពោត ត្រូវធ្វើឡើងតាមរយ: ARDB Mobile App។ បើតាមលោក កៅ ថាច កិច្ចសន្យាទិញលក់រវាងក្រុមហ៊ុននាំចេញ និងពាណិជ្ជករ ជាយន្តការជួយសម្រួលបន្ទុកដល់ពាណិជ្ជករ/ឈ្មួញ ប្រមូលទិញដែលមិនមានទ្រព្យធានាបំណុល ក្នុងការទទួលបានឥណទានពីធនាគារ ARDB។ ទី២.យន្តការយកសន្និធិដំឡូង និងពោតក្រហមស្ងួត ដើម្បីធ្វើជាទ្រព្យធានាឥណទាន (ទំហំឥណទាន៧០ភាគរយ នៃតម្លៃសន្និធិ) តម្រូវឱ្យមានកិច្ចសន្យាទិញ-លក់ច្បាស់លាស់ជាមួយក្រុមហ៊ុននាំចេញ និងឬក្រុមហ៊ុនកែច្នៃ។

គួរកត់សម្គាល់ថា ការអំពាវនាវរបស់លោកអគ្គនាយកធនាគារ ARDB ធ្វើឡើងស្របពេល ប្រទេសថៃ កាលពីថ្ងៃទី២១មិថុនាកន្លងទៅ បានដាក់ចេញវិធានការរឹតបន្តឹងលើការនាំចូលដំឡូងមីពីកម្ពុជា ដោយសំអាងលើហេតុផលទប់ស្កាត់ទំនិញដែលមានគុណភាពទាប និងដើម្បីលើកកម្ពស់ផលិតផលកសិកម្មកសិកររបស់ខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយ គេបានដឹងថា វិធានការរបស់ថៃលើការនាំចូលដំឡូងមីពីកម្ពុជា បានធ្វើឡើងក្រោយកម្ពុជា បិទការនាំចូលបន្លែផ្លែឈើទាំងអស់ពីខាងថៃ ក្រោយថៃបានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ពោលគឺនៅក្រោយជម្លោះព្រំដែនបង្កឡើងដោយភាគីយោធាថៃ កាលពីថ្ងៃទី២៨ឧសភា។

សូមជម្រាបថា ដំណាំដំឡូងមីរបស់កម្ពុជា ត្រូវបានបងប្អូនកសិករដាំដុះនាដើមរដូវចាប់ពីខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដាជារៀងរាល់ឆ្នាំ។ ចំណែក ពោតក្រហមត្រូវបានដាំដុះចាប់ពីខែមេសា ជាបន្តបន្ទាប់ និងប្រមូលផលចាប់ពីខែកក្កដា។ ក្នុងមួយឆ្នាំៗ ដំណាំដំឡូងមីកម្ពុជា ត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង៨៤ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ១៥លានតោន) ជាមួយផលសេដ្ឋកិច្ចប្រមាណណ១២៥៥លានដុល្លារ។ ដោយឡែក ដំណាំពោតប្រមាណជាង២៨ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ១លានតោន) ជាមួយផលសេដ្ឋកិច្ចប្រមាណជាង២០០លានដុល្លារ៕




