កម្ពុជា-វៀតណាម ចុះអនុស្សរណៈជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជា ប្រមាណ៩លានតោនក្នុង១ឆ្នាំ
S
Soriya Sou
24 តុលា 2025 03:00 AM

រាជធានីភ្នំពេញ៖ សហព័ន្ធដំឡូងមីកម្ពុជា និង សមាគមដំឡូងមីវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាពង្រឹង និងជំរុញការទិញ-លក់ដំឡូងមីរវាងផាគីទាំងពីរ ឱ្យបាន៩លានតោនក្នុងមួយឆ្នាំ…។

ពិធីចុះអនុស្សរណៈ(MoU)ធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២៣តុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាកដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតវៀតណាមនៅកម្ពុជា, តំណាងធនាគារ ARDB, ធនាគារ SME និងក្រុមហ៊ុនប្រមូលទិញដំឡូងមីកម្ពុជា និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត។ មន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នា រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាមនាពេលនេះ នឹងពង្រឹង កែលម្អផលិតកម្ម ការកែច្នៃ ព្រមទាំងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេស វានឹងជួយជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាទៅវៀតណាមដល់កម្រិតប្រមាណ៩លានតោនក្នុង១ឆ្នាំ។

ក្រៅពីការចុះហត្ថលេខារវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ក្រុមហ៊ុនកម្ពុជា-វៀតណាមចំនួន៤ទៀត ក៏បានចុះហត្ថលេខាក្នុងពេលជាមួយគ្នាផងដែរ ដោយទទួលទិញដំឡូងមីស្រស់ពីកម្ពុជា ក្នុងរង្វង់ជាង៣លានតោនក្នុង១ឆ្នាំ។ សូមជម្រាបថា ការចុះអនុស្សរណៈជំរុញការនាំចេញ ទិញ-លក់ដំឡូងមីស្រស់កម្ពុជាទៅវៀតណាមនាពេលនេះ កើតឡើងក្រោយដំណើរបេសកកម្មរបស់គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួង នៅប្រទេសវៀតណាម កាលពីខែកញ្ញាកន្លងទៅ ដើម្បីផ្គូផ្គង និងភ្ជាប់ទំនាក់ទំនងធុរកិច្ច ស្វែងរកឱកាសទីផ្សារ ជំរុញការនាំចេញដំឡូងមីកម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត