ក្រុមហ៊ុនថៃ ទិញដំឡូងមី៣០ម៉ឺនតោន និងពោត១០ម៉ឺនតោនក្នុងមួយឆ្នាំពីកម្ពុជា
S
Soriya Sou
មួយឆ្នាំមុន


រាជធានីភ្នំពេញ៖ ក្រុមហ៊ុនមួយរបស់ប្រទេសថៃ បានចុះកិច្ចសន្យាទិញដំឡូងមីពីកម្ពុជា ក្នុងមួយឆ្នាំ៣០ម៉ឺនតោន តាមរយៈសហព័ន្ធដំឡូងមីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៥មេសា ឆ្នាំ២០២៥…។

ពិធីអនុស្សណៈនៃការយោគយល់គ្នាលើការទិញ-លក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជា 
ពិធីអនុស្សណៈនៃការយោគយល់គ្នាលើការទិញ-លក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជា 

ក្រុមហ៊ុនមានឈ្មោះថា Koson Group។ ក្រៅពីផលិតផលដំឡូងមី ក្រុមហ៊ុនថៃមួយនេះ ក៏បានទទួលទិញពោតក្នុងមួយឆ្នាំ១០ម៉ឺនតោនពីកម្ពុជាផងដែរ។ ពិធីចុះអនុស្សណៈនៃការយោគយល់គ្នាលើការទិញ-លក់ផលិតផលដំឡូងមី និងពោតពីកម្ពុជា ធ្វើឡើងក្នុងដំណើរបេសកកម្មដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងប្រតិភូសហព័ន្ធដំឡូងមីកម្ពុជានៅប្រទេសថៃ ចាប់ពីថ្ងៃទី២២-២៥មេសា។ ក្រៅពីចុះហត្ថលេខាទិញ-លក់ ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃ ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ បានពិភាក្សាយ៉ាងផុលផុស ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ផ្តោតទៅលើផលិតកម្មដំឡូងមី, ពោត, សណ្តែក, វត្ថុធាតុដើមផលិតចំណីសត្វ, កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង តំណាងសភាឧហ្សាកម្មថៃ
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង តំណាងសភាឧហ្សាកម្មថៃ

លោករដ្ឋលេខាធិការ រាជ រ៉ា បានជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគថៃ ឱ្យមកដាក់ទុនវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជាបន្ថែមទៀត។ ក្នុងបេសកកម្មនោះដែរ ប្រតិភូកម្ពុជា បានធ្វើដំណើរទស្សនកិច្ចបន្ថែមនៅក្រុមហ៊ុន Koson Group និងក្រុមហ៊ុនចំនួន៥ទៀតរបស់ថៃ ជារោងចក្រកែច្នៃដំឡូងមី, ប្រេងដូង, រោងចក្រគ្រឿងសំអាង, និងរោងចក្រធ្វើជី ដើម្បីអាចស្វែងរកឱកាសទីផ្សារសម្រាប់ការផ្គត់ផ្គង់ផលិតផលធ្វើជាវត្ថុធាតុដើមកែច្នៃសម្រាប់ផលិតផលសម្រេច នាំចូលពីកម្ពុជា។

សូមជម្រាបថា ដំឡូងមី និងពោត គឺជាដំណាំមួយប្រភេទដើរតួយ៉ាងសំខាន់ ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ គោលនយោបាយជាតិដំឡូងមី ឆ្នាំ២០២០-២០២៥ មានគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាផលិតកម្មកែច្នៃ និងផ្គត់ផ្គង់ផលិតផលដំឡូងមីដែលអាចជឿទុកចិត្តបាន ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារពិភពលោក។ ចំណែក ពោត ក៏កំពុងក្លាយជាកសិផលកាន់តែសំខាន់សម្រាប់ពិភពលោក ជាពិសេសការយកមកធ្វើជាចំណីសត្វ និងការប្រើប្រាស់ក្នុង​ឧស្សាហ​កម្ម​កែច្នៃ​ចំណីអាហារ​ផ្សេងទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត