ឥទ្ធិពលនយោបាយអាស៊ានផ្ទុយគ្នា កំពុងទាញដៃសមាជិកឆ្ពោះទៅរកផ្លូវបំបែកមែនឬ...?
ហៀប ស៊ីថេត
27 មីនា 2026 01:30 AM

វិបត្តិអាស៊ាន៖ បច្ចុប្បន្ន សហរដ្ឋអាម៉េរិករួមដៃគ្ជាមួយអ៊ីស្រាអែល វាយកម្ទេចអ៊ីរ៉ង, រុស្ស៊ីបើកប្រតិបត្តិការវាយទន្ទ្រានឈ្លានពានដណ្តើមយកដីអ៊ុយក្រែន, ប៉ាគីស្ថានដាក់ដៃចូលកៃកាំភ្លើង បាញ់គ្នាជាមួយអាហ្គានីស្ថាន, ចិនរៀបផែនការវាយសង្គ្រុបយកកោះតៃវ៉ាន់។ ក្រឡេកមកមើលតំបន់មួយចំណិតនៃទ្វីបអាស៊ីវិញ នោះគឺ អាស៊ីអាគ្នេយ៍ ដែលធ្លាប់តែជាតំបន់សន្តិភាព និងស្ថិរភាព កំពុងវិវត្តន៍ក្លាយទៅជាតំបន់ដែលមានការបែកបាក់យ៉ាងសន្សឹមៗ ដោយមិនដឹងខ្លួន នោះក៏ព្រោះតែ យោធាថៃបើកការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា ខណៈវិបត្តិមីយ៉ាន់ម៉ានៅទ្រឹងមិនអាចរកដំណោះស្រាយបាន ទន្ទឹមនឹងបណ្តាប្រទេសអាស៊ានមួយចំនួន នាំគ្នាធ្វើទំនើបកម្មយោធា និងសម្រុកទិញសព្វាវុធយ៉ាងស្ងប់ស្ងាត់។ មជ្ឈភាព បាវចនា ភាពជាបងប្អូន និងភាតរភាពនៃអាស៊ាន ប្រៀបបាននឹងសម្លមិនបង់គ្រឿងទេសយ៉ាងដូច្នោះដែរ ពោលគឺ«សាបឈឹង តែម្ដង!»តើប្រទេសក្នុងប្លុកអាស៊ាន កំពុងដើរទៅរកផ្លូវបំបែក ឬយ៉ាងណា..បើថៃនៅបន្តឈ្លានពានកម្ពុជា ខណៈសមាជិកផ្សេងទៀតបានត្រឹមឈរសម្លឹងមើលបែបនេះ..?

យន្តហោះចម្បាំង កាំភ្លើងធំ រថក្រោះ រថពាសដែក និងអាវុធធុនធ្ងន់ៗ ត្រូវបានយោធាថៃយកមកប្រើប្រាស់ ដើម្បីឈ្លានពានអធិបតេយ្យប្រទេសជាសមាជិករបស់អាស៊ានដូចគ្នា យ៉ាងកំរោល ប៉ុន្តែសហគមន៍ប្រជាជាតិដែលមាន១១ប្រទេសនេះ មិនអាចដោះស្រាយអ្វីបាន ក្រៅតែពីអំពាវនាវឱ្យភាគីទាំងពីររក្សាភាពស្ងប់ស្ងាត់ ទាំងដែលថៃមិនស្តាប់។ ឯណាទៅមជ្ឈភាពអាស៊ាន..? ឯណាទៅសហគមន៍មួយ ជោគវាសនារួមមួយ..? ហើយឯណាទៅ ភាពជាគ្រួសារនៃប្រជាជាតិអាស៊ាន..? ចម្លើយ គឺគ្មានទេ! មានតែការប៉ះពាល់ផលប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ ទើបសមាជិកដទៃចូលមកដោះស្រាយ ដែលផ្ទុយស្រឡះទាំងស្រុងពីសហភាពអឺរ៉ុប នោះក៏ព្រោះតែប្លុកនេះ គ្មានដំណោះស្រាយប្រសិទ្ធភាពណាមួយសម្រាប់សមាជិកអាស៊ានដូចគ្នាទេ។ បន្ទាប់ពីរងការឈ្លានពានយ៉ាងព្រៃផ្សៃរហូតដល់ទៅ២លើកជាប់ៗគ្នា ពីសំណាក់ភាគីថៃ ក្រោមការដឹកកន្លុះរបស់ខ្សែរាជវង្ស ថៃកំពុងបង្ហាញផែនការឈ្លានពានកម្ពុជា[ជា]លើកទី៣។

បើថៃឈ្លានពានខ្មែរម្ដងទៀត តើអាស៊ានអាចជួយអ្វីខ្លះដល់កម្ពុជា ឬមួយប្រើយុទ្ធសាស្ត្រជំរុញឱ្យអត់ធ្មត់បន្តទៀត? វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា នៅតែជាវិញ្ញាសាដ៏លំបាកបំផុតមួយ ដែលបង្ហាញថា សមាគមប្រជាជាតិអាស៊ានកាន់តែបែកខ្ញែករហែកប្រេះថ្នេរកាន់តែធំ។ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង កំពុងធ្វើឱ្យវិបត្តិនៅមីយ៉ាន់ម៉ា ឬភូមាកាន់តែដុនដាបទៅៗ។ នេះបង្ហាញថា សមាជិកអាស៊ានមិនមានការឯកភាពគ្នា១០០ភាគរយលើរបៀបដោះស្រាយជាសហគមន៍ជោគវាសនារួមនោះទេ ប្រទេសខ្លះមានគំនិតចង់កាត់កាលមីយ៉ាន់ម៉ាចោល ខណៈប្រទេសខ្លះទៀតនៅបន្តរក្សាទំនាក់ទំនងធម្មតា តែមើលហ្នឹងភ្នែក។ ការដែលមិនអាចដោះស្រាយវិបត្តិក្នុងគ្រួសារខ្លួនឯងបាន ធ្វើឱ្យសហគមន៍អន្តរជាតិ ចាប់ផ្តើមសង្ស័យលើប្រសិទ្ធភាព និងសមត្ថភាពអាស៊ានកាន់តែខ្លាំង ស្របពេលដែលប្លុកនេះបង្ហាញភាពរង្គោះរង្គើរកាន់តែធំទៅៗ។

ការឱបយកប៉ូលអំណាចនៃសមាជិករបស់ប្លុក បានធ្វើឱ្យអាស៊ានកាន់តែលែងរឹងមាំដូចមុន។ ជាក់ស្តែង កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ប្រទេសចិន ជាប្រភពទុនវិនិយោគ និងជំនួយដ៏ធំបំផុត តាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយបានធ្វើឱ្យប្រទេសទាំង៣នេះមានភាពស្ទាក់ស្ទើរក្នុងការរិះគន់ចិន ជុំវិញបញ្ហាសមុទ្ទចិនខាងត្បូង ដែលកំពុងមានភាពរកាំរកូសជាមួយសមាជិកដទៃទៀត។ ជាមួយគ្នា សមាជិកដទៃទៀតដូចជា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី បែរជាមានទំនោរទោរទន់ទៅរកសហរដ្ឋអាម៉េរិក។ ជាពិសេស ហ្វីលីពីន បានបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយអាម៉េរិក យ៉ាងគគ្រឹកគ្រេង នាពេលថ្មីៗ ក្នុងបំណងទប់ទល់មហិច្ឆតាវាទីនិយមរបស់ចិននៅលម្ហសមុទ្ទចិនខាងត្បូង។ មេកើយខុសគ្នា ទិសដៅខុសគ្នា និងចក្ខុវិស័យផ្ទុយគ្នា កំពុងធ្វើឱ្យអាស៊ានបាត់បង់អព្យាក្រិតភាពបន្តិចម្ដងៗ។

ទាំងនេះបង្ហាញថា សមាជិកអាស៊ាន មិនអាចរួបរួមគ្នាឱ្យខ្លាំងដូចសហភាពអឺរ៉ុបបានទេ ព្រោះក្នុងចំណោមប្រទេសនៅក្នុងសហភាពអឺរ៉ុប ពួកគេរក្សាបាននូវគោលនយោបាយរួមមួយ ដែលជាចក្ខុវិស័យ និងជាខ្នងបង្អែកដ៏រឹងមាំលើការពង្រីកអំណាច និងការអភិវឌ្ឍតំបន់។​ អ្វីដែលកាន់តែគ្រោះថ្នាក់ទៀតនោះ គឺបណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងនាំគ្នាសម្លៀងអាវុធយ៉ាងស្ងប់ស្ងាប់ ដោយឥណ្ឌូណេស៊ី កំពុងធ្វើពិពិធកម្មយុទ្ធោបករណ៍ពីប្រភពចម្រុះ មិនពឹងផ្អែកលើដង្ហើមនៃប្រទេសណាមួយទេ។ ជាក់ស្តែង ឥណ្ឌូណេស៊ី បានជះលុយដូចក្រដាសទិញអាវុធពីបណ្តាប្រទេសធំៗ ដើម្បីពង្រឹងខែលការពារជាតិ និងពង្រីកអំណាចយោធាក្នុងតំបន់។ ជាទឡ្ហីករណ៍ យន្តហោះចម្បាំង មានរហ័ស្សនាមមច្ចុរាជលើមេឃរ៉ាហ្វែល(Rafale) ចំនួន៤២គ្រឿងត្រូវបានទិញយកពីប្រទេសបារាំង, អ្នកប្រមាញ់លើអាកាសខាន់ (KAAN) ចំនួន៤៨គ្រឿងទិញយកពីតួកគី និងកំពុងស្នើសុំទិញនាគរាជចម្បាំង J-10 ពីចិន និងការទិញមីស៊ីលពីឥណ្ឌា និងដ្រូនពីប៉ាគីស្ថានផងដែរ ប៉ុន្តែចំពោះវិបត្តិផ្ទៃក្នុងរបស់តំបន់ ក្នុងនាមជាបងធំ ឥណ្ឌូណេស៊ី ហាក់មិនសូវខ្វាយខ្វល់ ឬអើពើជាមួយឡើយ។

ចំណែក ហ្វីលីពីន បានប្រកាសពីផែនការចំណាយថវិកាប្រមាណ៣៥ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម នាវាមុជទឹក និងយន្តហោះចម្បាំង FA-50 ពីកូរ៉េខាងត្បូងផងដែរ។ សូមជម្រាបថា មួយរយៈចុងក្រោយនេះ ការចំណាយលើការទិញអាវុធ និងការស្រាវជ្រាវផ្នែកយោធារបស់អាស៊ីអាគ្នេយ៍ បានកើនឡើងយ៉ាងគំហុក ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម កើនឡើងសរុបដល់១០,៥ពាន់លានដុល្លារ។ អាស៊ានក្នុងយុគសម័យថ្មីនេះ «ភាតរភាព» គ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ រីឯ «មជ្ឈភាពអាស៊ាន» ក៏គ្រាន់តែជាទីងមោងឈរនៅកណ្តាលវាលស្រែ គ្មានអំណាចបញ្ឈប់មហិច្ឆតាឈ្លានពានរបស់ប្រទេសសមាជិកណាមួយលើប្រទេសសមាជិកដទៃបានដែរ ដូច្នេះ កម្ពុជា នៅតែបន្តស្ថិតក្នុងហានិភ័យគ្រប់ពេល ហើយការរហែកដាច់ចេញពីគ្នានៅថ្ងៃណាមួយ អាចជារឿងចៀសមិនរួច ប្រសិនបើបណ្តោយបែបនេះតទៅមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត