ចិនប្រកាសត្រៀមជួយអាស៊ានដោះស្រាយវិបត្តិថាមពល និងអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ជាបន្ទាន់
N
Nary Vann
8 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រទេសចិន ជាមហាអំណាចចម្រាញ់ប្រេងធំបំផុតលើលោក បានប្រកាសពីឆន្ទៈក្នុងការសហការជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាថាមពល ដែលកំពុងរង្គោះរង្គើដោយសារសង្គ្រាមនៅអ៊ីរ៉ង់...។

ទន្ទឹមនឹងនេះ រដ្ឋធានីប៉េកាំងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់រាល់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីទប់ស្កាត់ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា៖«ស្ថានភាពនៅមជ្ឈិមបូព៌ា បានបង្កការរអាក់រអួលដល់សន្តិសុខថាមពលសកល។ ភាគីពាក់ព័ន្ធគួរតែបញ្ឈប់សកម្មភាពយោធាភ្លាមៗ ដើម្បីបង្ការកុំឱ្យអស្ថិរភាពក្នុងតំបន់មានឥទ្ធិពលកាន់តែខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក»។ លោកបន្ថែមថា ចិនត្រៀមខ្លួនជានិច្ចក្នុងការបង្កើនការសម្របសម្រួលជាមួយអាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ។

សញ្ញាវិជ្ជមានពីរដ្ឋធានីប៉េកាំងនេះ គឺជាក្ដីសង្ឃឹមថ្មីសម្រាប់បណ្ដាប្រទេសអ្នកនាំចូលប្រេងក្នុងតំបន់អាស៊ាន រួមមាន៖ ហ្វីលីពីន និងកម្ពុជា ជាដើម បន្ទាប់ពីចិនបានចេញបញ្ជាផ្អាកការនាំចេញប្រេងម៉ាស៊ូត សាំង និងប្រេងយន្តហោះ កាលពីដើមខែនេះ។ ប្រសិនបើចិនយល់ព្រមបន្ធូរបន្ថយបម្រាមនាំចេញប្រេង វានឹងជួយកាត់បន្ថយភាពតានតឹងនៃកង្វះខាតឥន្ធនៈ និងទប់ស្កាត់ការហក់ឡើងនៃតម្លៃប្រេង ដែលកំពុងញាំញីជីវភាពប្រជាជនជាង៧០០លាននាក់ក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត