វិបត្តិរ៉ាំរ៉ៃចំនួន៣ បន្តលងបន្លាចកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅលើកោះហ្វីលីពីន
ហៀប ស៊ីថេត
2 ថ្ងៃមុន

រដ្ឋធានីម៉ានីល៖ ក្រោមសម្ពាធនៃវិបត្តិក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១១ បានប្រមូលផ្ដុំគ្នានៅហ្វីលីពីន នៅសប្តាហ៍នេះ ដើម្បីប្រឈមមុខនឹងរបៀបវារៈដ៏ស្មុគស្មាញ ដែលជាស្រមោលអន្ទោលតាមប្រាណរបស់មេដឹកនាំ។ វិបត្តិរ៉ាំរ៉ៃធំទាំង៣នោះ រួមមាន៖ បញ្ហាថៃឈ្លានពានកម្ពុជា, ក្រមប្រតិបត្តិនៃសមុទ្ទចិនខាងត្បូង និងវិបត្តិនៅប្រទេសភូមា ឬមីយ៉ាន់ម៉ា...

ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ ខណៈថៃផ្តើមការឈ្លានពានលើកម្ពុជា នៅ​តែ​ជា​បញ្ហា​រសើប​សម្រាប់​អាស៊ាន អតីតប្រធានអាស៊ានម៉ាឡេស៊ី បានទទួលខុសត្រូវលើតួនាទីរបស់ខ្លួន ដោយចេញមុខសម្របសម្រួលកិច្ចចរចាបទឈប់បាញ់ជាច្រើនលើកច្រើនសា កាលពីឆ្នាំមុន បន្ទាប់ពីភាគីថៃរំលោភកិច្ចព្រមព្រៀងសន្តិភាពម្ដងហើយម្ដងទៀត និងបានបើកប្រតិបត្តិការឈ្លានពានកម្ពុជាយ៉ាងសាហាវព្រៃផ្សៃនៅតាមព្រំដែន រួមទាំងការវាយប្រហារតាមអាកាសដ៏ព្រឺព្រួច បណ្ដាលឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ និងរបួសជាច្រើនរយនាក់។ យ៉ាងណា រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវនសម្រាប់ឆ្នាំ២០២៦ លោកស្រី ម៉ារៀ ថេរេសា ឡាសារ៉ូ បានលើកឡើងថា បទឈប់បាញ់បច្ចុប្បន្នមានភាពផុយស្រួយណាស់ ប៉ុន្តែភាគីទាំង២ កំពុងប្រកាន់ខ្ជាប់ ហើយក្នុង​នាម​ជា​ប្រធានអាស៊ានប្តូរវេន ហ្វីលីពីន​ នឹង​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្រុម​សង្កេតការណ៍​អាស៊ាន (AOT) ដែល​មាន​ភារកិច្ច​តាម​ដាន​បទ​ឈប់​បាញ់ឱ្យកាន់តែមានប្រសិទ្ធភាព។

ចំណែក ក្រមប្រតិបត្តិសមុទ្ទចិនខាងត្បូង នៅតែជាបញ្ហាស្នូលនៅក្នុងតំបន់។ ជាក់ស្តែង កិច្ចចរចាស្តីពីក្រមប្រតិបត្តិអាស៊ាន-ចិន ជុំវិញរឿងរ៉ាវសមុទ្ទចិនខាងត្បូង បានអូសបន្លាយជាង២ទសវត្សរ៍មកហើយ ប៉ុន្តែគ្មានពន្លឺនៃដំណោះស្រាយសោះ។​ យ៉ាងណា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៦ ហ្វីលីពីនកំពុងជំរុញឱ្យមានសន្ទុះលើដំណោះស្រាយនៃវិបត្តិដ៏ស្រួចស្រាវនេះ។ ការទាមទារដែនសមុទ្ទយ៉ាងធំសម្បើមរបស់ចិន ត្រួតលើគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បាននិងកំពុងក្លាយជាដំដៅដ៏រ៉ាំរ៉ៃ គ្មានថ្ងៃជាសះ។ លោកស្រី ឡាសារ៉ូ អះអាងថា ក្រមប្រតិបត្តិត្រូវតែផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ (UNCLOS) ហើយត្រូវមានកាតព្វកិច្ចស្របច្បាប់ ដើម្បីដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព។ យ៉ាងណា មហាយក្សចិន ទំនងជាមិនទទួលស្គាល់យុត្តាធិការរបស់ UNCLOS នោះឡើយ។

ងាកមកមើល បញ្ហាជម្លោះស៊ីវិលដ៏រ៉ាំរ៉ៃ​អូសបន្លាយ​ដ៏យូរ នៅក្នុងប្រទេស​មី​យ៉ាន់​ម៉ា វិញម្ដង ​វានៅតែ​ជា​អម្រែកដ៏ធ្ងន់សម្រាប់អាស៊ាន។ ថ្មីៗនេះ រដ្ឋធានីណៃពិដោ បានបញ្ចប់ការបោះឆ្នោតហើយ គណបក្សគាំទ្រដោយយោធា បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ប៉ុន្តែអាស៊ានមិនបានគាំទ្រលទ្ធផលនៃការបោះឆ្នោតនេះទេ។ ជុំវិញរឿងនេះ លោកស្រី ឡាសារ៉ូ បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អាស៊ានជាមួយប្រទេសមីយ៉ាន់ម៉ា នៅតែបន្ត ល្កឹកណារបបយោធាអនុវត្តផែនការសន្តិភាព៥ណុច ដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២១។ គួរបញ្ជាក់ឡើងវិញថា អាស៊ាន​បាន​រារាំង​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ាមិនឱ្យចូលតុប្រជុំ ​ចាប់តាំងពី​ឆ្នាំ​២០២២មកម្ល៉េះ​ ដូច្នេះ វិបត្តិធំទាំង៣ខាងលើ អាចនឹងធ្វើឱ្យមេដឹកនាំអាស៊ាន ជួបបញ្ហាលើការពង្រឹងមជ្ឈភាពអាស៊ាន ឆ្ពោះទៅរកវិបុលភាពដែលជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត