
រាជធានីភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំផែនការត្រៀមចេញបេសកកម្មគោះទ្វារវិនិយោគនៅសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់សហភាពអឺរ៉ុប ក្នុងពេលឆាប់ៗខាងមុខ ដើម្បីកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាបន្ថែម…។

ថ្លែងដូចគ្នា ក្នុងជំនួបដាច់ដោយឡែកជាមួយ លោក ជូ-ប៊ុង (Ju-Bong) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈ័ន សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥មីនា និងលោក អ៊ីហ្គ័រ ឌ្រីសស្មាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦មីនា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការទទួលស្ដាប់នូវរាល់បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួម ដើម្បីផ្តល់កិច្ចសម្របសម្រួលពេញទំហឹងដល់វិនិយោគិនឯកជន។ លោកគូសបញ្ជាក់បន្ថែមពីយុទ្ធសាស្ត្រធ្វើពីពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ដោយផ្តោត លើការទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាទំនើប។

លោកឧបនាយករដ្ឋមន្រ្តី បានបង្ហើបប្រាប់ពីផែនការរបស់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដែលត្រៀមចេញបំពេញបេសកកម្មគោះទ្វារវិនិយោគ ទៅកាន់ធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសនៅសហភាពអឺរ៉ុប នាពេលខាងមុខ។ ក្នុងន័យនេះ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យលោកប្រធានសភាពាណិជ្ជកម្មទីក្រុងអ៊ីនឈ័ន និងលោក អ៊ីហ្គ័រ ឌ្រីសស្មាន់ ចូលរួមសហការយ៉ាងជិតស្និទ្ធ ដើម្បីផ្សព្វផ្សាយពីសក្តានុពលពិតរបស់កម្ពុជា ទៅកាន់អ្នកជំនួញបរទេស។ ជាការឆ្លើយតប តំណាងប្រតិភូសាធារណរដ្ឋកូរ៉េ និងតំណាងសហភាពអឺរ៉ុប បានបង្ហាញឆន្ទៈក្នុងការចូលរួមសម្របសម្រួលឱ្យអស់ពីលទ្ធភាព លើបេសកកម្មគោះទ្វារវិនិយោគពីសំណាក់ប្រតិភូកម្ពុជា ឱ្យសម្រេចទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា ក្លាយជាសន្ទុះថ្មីក្នុងការទាក់ទាញក្រុមហ៊ុនបរទេសឱ្យមកកាន់កម្ពុជា កាន់តែច្រើនថែមមួយកម្រិតទៀត៕






