លោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូចូលរួមពិព័រណ៍អន្តរជាតិនៅចិន ជាឱកាសសម្រាប់ធុរជនកម្ពុជា-ចិនបានជួបគ្នា
S
Soriya Sou
08 កញ្ញា 2025 09:30 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូ ព្រមទាំងវិស័យឯកជនទៅដល់ទីក្រុងស៊ាមិន ខេត្តហ្វូជៀន ប្រទេសចិន កាលពីល្ងាចថ្ងៃទី៧កញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥។ នេះបើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍនៃកម្ពុជា នៅថ្ងៃទី៨កញ្ញា…។

ក្នុងជំនួបពិភាក្សាជាមួយលោក ចាវ ឡុង អភិបាលខេត្តហ្វូជៀន លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា នេះជាឆ្នាំទីពីរដែលលោកបានចូលរួមក្នុងពិព័រណ៍អន្តរជាតិចិន លើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade - CIFIT) ខណៈឆ្នាំនេះ លោកដឹកនាំគណៈប្រតិភូក្រុមហ៊ុនកម្ពុជាចំនួន១៧ មកចូលរួម ដើម្បីផ្ដល់ឱកាសផ្គូផ្គងវិនិយោគិននៃប្រទេសទាំងពីរ។ បើតាមលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ការវិនិយោគ និងពាណិជ្ជកម្ម ចិនគឺជាដៃគូធំបំផុតរបស់កម្ពុជា ដូច្នេះ លោកសូមអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិន ដែលបន្តជំរុញឱ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជា។ យ៉ាងណា លោកសូមស្នើឱ្យរដ្ឋាភិបាលចិនបន្តជំរុញ និងលើកទឹកចិត្តឱ្យធុរជនចិន មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត ជាពិសេសតាមរយៈកម្មវិធី CIFIT។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ចាវ ឡុង អភិបាលខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ចាវ ឡុង អភិបាលខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន

ជាការឆ្លើយតប លោក ចាវ ឡុង អភិបាលខេត្តហ្វូជៀន បានជម្រាបលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ពីសក្ដានុពលសំខាន់ៗរបស់ខេត្តហ្វូជៀន និងកិច្ចសហការសំខាន់ៗរវាងខេត្តហ្វូជៀន ទៅកាន់ប្រទេសកម្ពុជា។ អភិបាលខេត្តរូបនេះ មានជំនឿថា តាមរយៈជំនួបរវាងលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីខែមេសាកន្លងទៅ នឹងធ្វើឱ្យកិច្ចសហការរវាងកម្ពុជា-ចិន និយាយដោយឡែកចំពោះខេត្តហ្វូជៀន កាន់តែរីកចម្រើនឡើងបន្ថែមទៀត ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។

សូមជម្រាបថា ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) មានគោលបំណងបង្កើតជាថ្នាលសម្រាប់ការលើកកម្ពស់ការវិនិយោគទៅវិញទៅមក, ចែករំលែកព័ត៌មានវិនិយោគសំខាន់ៗ និងកិច្ចពិភាក្សាអំពីនិន្នាការវិនិយោគក្នុងតំបន់ និងសកលលោក។ ពិព័រណ៍នេះ មានការចូលរួមចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំសំខាន់ៗតំណាងរដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់ ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សភាពាណិជ្ជកម្ម, សាជីវកម្មចម្រុះជាតិសាសន៍, និងស្ថាប័នផ្សេងមកពីប្រមាណ១០០ប្រទេស ជុំវិញសកលលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត